កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវាយនភ័ណ្ឌពិភពលោកនៅរវាងចន្លោះខែមិនានិងដើមខែមេសាខាងមុខ

ដោយៈ ម៉ាណា

ភ្នំពេញៈ នៅ​ចុង​ខែ​មីនានេះ ប្រទេស​កម្ពុជា​នឹង​ធ្វើជាម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល ​ឧស្សាហកម្ម​​វាយនភណ្ឌ​ពិភពលោក ​ឆ្នាំ​២០២៥ (Cambodia Global Textile Summit 2025)​។

យោងតាមបណ្តាញ​សង្គម​របស់សភាពាណិជ្ជកម្មអឺរ៉ុប ​ប្រចាំនៅ​កម្ពុជា (Eurocham Cambodia) កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៥ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ព្រឹត្តិការណ៍​​ឧស្សាហកម្ម​វាយនភណ្ឌពិភពលោក​ ឆ្នាំ​២០២៥ នៅសណ្ឋាគារ​​សូហ្វីតែលភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍នេះ​ ​ជា​ការ​ប្រមូល​ផ្តុំ​​អ្នកដឹកនាំធុរកិច្ចធំៗ ដៃគូអភិវឌ្ឍន៍ និងម៉ាកយីហោល្បីៗពិភពលោក ដើម្បីពិភាក្សាអំពីអនាគតនៃវិស័យ​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង​ផលិតផលធ្វើដំណើរ​។

Eurocham Cambodia បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​​ព្រឹត្តិការណ៍រយៈ​ពេល២ថ្ងៃ​នេះ ​នឹង​មាន​កិច្ច​ពិភាក្សា និង​ការ​ពន្យល់​បក​ស្រាយ​ពី​សំណាក់​អ្នក​ជំនាញ​ក្នុង​វិស័យ​វាយនភណ្ឌ​ផងដែរ​។

ព្រឹត្តិការណ៍នេះ រៀបចំដោយសមាគមវាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), កម្មវិធី​ Better Factories Cambodia (BFC) នៃអង្គការ ILO, អង្គការGIZ និង​សហការ​រៀបចំ​ដោយ ​សភាពាណិជ្ជកម្មអឺរ៉ុប​(Eurocham)។

អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក កត្តា អ៊ន បាន​និយាយ​ថា នេះជាមោទនភាព​សម្រាប់ប្រទេសកម្ពុជា​ដែល​ធ្វើជាម្ចាស់ផ្ទះ ​នៃកិច្ចប្រជុំ​​កំពូល​ឧស្សាហកម្ម ​វាយនភណ្ឌ​ពិភពលោក​ ឆ្នាំ​២០២៥។

លោកបញ្ជាក់ថា “ព្រឹត្តិការណ៍​នេះ ​ក៏នឹង​បង្ហាញពិភព​លោក​​អំពីប្រទេស​កម្ពុជា​ ដែលជា​ប្រទេស​​មានសក្តានុពល​នៅក្នុង​ឧស្សាហកម្ម​ ខណៈ​កម្ពុជា​បាន​ និង​កំពុង​កៀរគរ​វិនិយោគ​បរទេស ​កាន់​តែ​ច្រើន​ឱ្យ​ចូល​មក​បណ្តាក់​ទុនផ្ទាល់​”។

លោក​បន្ត​ថា ​ឧស្សាហកម្ម​វាយនភណ្ឌ​នៅ​កម្ពុជា ​កំពុង​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន​។ ការណ៍​​នេះ ​ក៏​បាន​ជួយ​បង្កើត​ការងារ​ជូនប្រជាពល​រដ្ឋ ព្រម​ទាំង​ប្រាក់​​ចំណូល​គ្រួសារ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​​ផងដែរ។

លោក​បានបញ្ជាក់ថា “កំណើន​នេះបង្ហាញឱ្យ​ឃើញថា​ កម្ពុជាជាប្រទេស​មានសុខសន្តិភាព​ សុវត្ថិភាព ស្ថិរភាព​ ហើយជាប្រទេស​​កំពុងមាន​ការអភិវឌ្ឍ​ឧស្សាហកម្ម​ ជាពិសេស​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌកាត់ដេរ​ដែលបង្ហាញ​ទៅពិភព​លោក​ថា កម្ពុជាគឺជា​កន្លែង​នៃការវិនិយោគ​ ជាទីកន្លែងនៃការ​បង្កើត​រោងចក្រ និង​ផលិត​ទំនិញ​​សម្រាប់នាំចេញ​ទៅកាន់បណ្តាប្រទេស​នានាលើពិភព​លោក”។

លោក​បន្ថែម​ថា នេះ​ក៏បង្ហាញ​ផងដែរ​ថាកម្ពុជា​ កំពុង​ដើរតួនាទី​ដ៏សំខាន់​ក្នុងការ​ផលិត​ និង​នាំចេញ​ទំនិញ​សម្រាប់​ផ្គត់ផ្គង់ទីផ្សារ​ក្នុងតំបន់ ក្រៅតំបន់​ និងពិភពលោកទាំងមូល​ ដែលជាគោលនយោបាយ​ដ៏ល្អរបស់កម្ពុជា។ ព្រឹត្តិការណ៍​នេះ​ ក៏​ជា​ឱកាស​ដែល​កម្ពុជា​បង្ហាញទៅបរទេស និង​ការ​សហការជាមួយបរទេស​ ជាពិសេស​នៅក្នុង​វិស័យពាណិជ្ជកម្មអន្តរជាតិ។ កម្ពុជា​ក៏មាន​​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី-ពហុភាគី​ផ្សេងៗ ដើម្បីពង្រីកវិស័យ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ក៏ដូចជា វិស័យ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នាំចេញទៅកាន់ពិភព​លោក។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​អ្នកឧកញ៉ាលឹម ហេង បាន​កត់សម្គាល់​ថា ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​សកល ​ពី​វិបត្តិ​បណ្តាល​ពី​ជំងឺ​កូវីដ​១៩ ព្រម​ទាំង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​​មាន​មូលដ្ឋាន​ផលិតកម្ម ​ក្នុង​វិស័យ​វាយនភណ្ឌធំៗ ​ដូច​ជា ​មីយ៉ាន់ម៉ា បានជំរុញ​ឱ្យ​​វិស័យ​វាយនភណ្ឌ​នៅ​កម្ពុជា នា​រយៈ​ពេល ២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ​បោះ​ជំហាន​ទៅ​មុខ​យ៉ាងលឿន​ ទាំង​ការ​ចូល​មក​បើក​រោង​ចក្រ​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​បញ្ជា​ទិញ​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​​។

លោកបញ្ជាក់ថា “​នេះ​ជា​មូលហេតុ​ធ្វើឱ្យ​កំណើន​ នៃ​ការនាំចេញ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​កើនឡើង ជាពិសេស​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប អាមេរិក និង​ចក្រភព​អង់គ្លេស”​។លោកបន្ថែមថា “​ខ្ញុំ​ជឿថា នាពេល​អនាគត​វិស័យ​កាត់ដេរ​ នឹង​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​ល្អ​បន្ថែម​ទៀត​​”។

យោងតាមទិន្នន័យកត់​ត្រា​ដោយ GDCE បានបង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ ​ដែល​មាន​លេខ​កូដ៍​(HS ២​ខ្ទង់) ៦១, ៦២, ៦៣ និង ៦៤ ក្នុង​ទឹក​ប្រាក់​សរុប ១១,៦៨ពាន់​លាន​ដុល្លារ កើន​ឡើង២៤,​៤ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here