ដោយៈ គង់ សូរិយា
អន្តរជាតិៈ ប្រមុខការទូតកំពូលជប៉ុន ចិន និងកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន បានជួបប្រជុំគ្នានៅរាជធានីតូក្យូ ខណៈប្រទេសជិតខាងអាស៊ីបូព៌ាទាំង៣ ព្យាយាមស្វែងរកមូលដ្ឋានរួមគ្នា លើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់។
ជំនួបនេះធ្វើឡើង ចំពេលមានភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយ ដែលកំពុងកើនឡើងខ្លាំង។ ទន្ទឹមនឹងប្រទេសទាំង៣នេះមានដំបៅក្នុងចិត្តរួចទៅហើយ ក្រោមមោលប្រវត្តិសាស្ត្រដ៏ជូរចត់។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី អ៊ីវ៉ាយ៉ា បានអះអាងនៅពេលចាប់ផ្តើមនៃជំនួប ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកឆូ តែយុលថា”ដោយសារស្ថានភាពអន្តរជាតិ កាន់តែស្មុគស្មាញ ខ្ញុំជឿថា យើងពិតជាអាចឈានដល់ចំណុចរបត់មួយក្នុងប្រវត្តិសាស្រ្ត”។
លោកបានបន្ថែមថា “ការរួបរួមគ្នានឹង ធ្វើឱ្យកាន់តែសំខាន់ថែមទៀត ដើម្បីយកឈ្នះលើការបែកបាក់គ្នា និងការប្រឈមមុខដាក់គ្នា តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ”។
កិច្ចប្រជុំនេះគឺលើកដំបូង រវាងប្រមុខការទូតកំពូលរបស់ប្រទេសអាស៊ីទាំង៣ ចាប់តាំងពីឆ្នាំ២០២៣ ហើយជំនួបនេះត្រូវបានគេរំពឹងថា នឹងផ្តោតលើប្រធានបទជាច្រើន ចាប់ពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងរហូតដល់ការធ្វើពាណិជ្ជកម្ម។
ទន្ទឹមគ្នានេះប្រទេសទាំង៣ ក៏នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី បន្ទាប់ពីកិច្ចប្រជុំមួយនៅរដ្ឋធានីសេអ៊ូលកាលពីឆ្នាំមុន។
ក្នុងជំនួបប្រមុខការទូតនេះ តំណាងប្រទេសទាំង៣ នឹងរួមបញ្ចូលកិច្ចពិភាក្សា លើការហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន ក្រោយរាជធានីតូក្យូបញ្ចេញ ទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរហ្វូគូហ្ស៊ីម៉ា ចូលទៅក្នុងមហាសមុទ្ទ៕