ដោយៈ គង់ ម៉ាណា
ប្រទេសជប៉ុនៈ ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបពិភាក្សាការងារជាមួយមន្រ្តីជប៉ុនជាច្រើន ដើម្បីជម្រុញកិច្ចសហការលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីជប៉ុនមកកាន់កម្ពុជា។
ក្នុងជំនួបនេះមានការចូលរួមពីលោក Kazumi SUGIMOTO សមាជិកសភា និងជាអគ្គនាយកការិយាល័យអន្តរជាតិ នៃគណបក្សនវានុវត្តន៍ជប៉ុន (Japan Innovation Party) ដែលអមដោយឯកឧត្តម Koichiro Ichimura សមាជិកសភា(Diet Member) និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ និងសហការី ដោយផ្តោតសំខាន់ លើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន និងពង្រីកសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការចូលរួមពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ។
តាមរយៈជំនួបនេះ ប្រតិភូសមាជិកសភា បានស្វែងយល់កាន់តែច្បាស់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក៏ដូចជាវឌ្ឍនភាពការងារ នៃការរៀបចំពន្លាជាតិកម្ពុជា និងការចូលរួមរបស់កម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ។
សមាជិកសភាជប៉ុន នឹងជួយជំរុញវិស័យឯកជនជប៉ុន និងអ្នកវិនិយោគជប៉ុន ឱ្យទៅកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែម ក្នុងការពិនិត្យលទ្ធភាព ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាលើវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃម្ហូបអាហារ រោងចក្រគ្រឿងបន្លាស់អេឡិកត្រូូនិច វិស័យថាមពល វិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផងដែរ។
ឯកអគ្គរាជទូតកម្ពុជា លោកទុយ រី បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងរៀបចំឱ្យមានជាសារវីដេអូខ្លី ដើម្បីចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដោយ លោកឯកអគ្គរាជទូត នឹងរៀបចំបញ្ជូនសារវីដេអូនេះ ទៅប្រតិភូសមាជិកសភាជប៉ុននាសប្តាហ៍ក្រោយ ដើម្បីធានាឱ្យយុទ្ធនាការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅបានឆាប់បំផុត ក្នុងទិសដៅជំរុញប្រជាជនជប៉ុន ប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិ ឱ្យចូលរួមគាំទ្រ និងទស្សនាពិព័រណ៍ពិភពលោក ២០២៥ អូសាកានេះ បានច្រើនកុះករ៕