ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីប្រទេសរុស្ស៊ីបានយល់ព្រមចំពោះសំណើរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថា ទីក្រុងម៉ូស្គូ និងទីក្រុងកៀវ នឹងបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកជាបណ្តោះអាសន្ន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១២សេន ឬ០,២% មកនៅត្រឹម៧០,៤៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0106 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១៥សេនមកនៅត្រឹម៦៦,៧៥ដុល្លារក្នុងមួយបារ៉ែល។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារម្សិលមិញបានយល់ព្រមបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលអ៊ុយក្រែន។ប៉ុន្តែ លោកពូទីន មិនបានគាំទ្របទឈប់បាញ់ពេញរយៈពេល៣០ថ្ងៃ ដែលលោក ត្រាំ សង្ឃឹមចង់បាននោះទេ៕