ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ការកើនឡើងនៃតម្រូវការទំនិញក្នុងស្រុក និងការនាំចេញ បានធ្វើឱ្យបរិមាណនៃនាវាដឹកទំនិញ និងចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ(PPAP) នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ហក់ឡើងជាង៣០ភាគរយព្រមគ្នា ខណៈអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន មានសុទិដ្ឋិនិយមថា សញ្ញាវិជ្ជមាននេះនឹងមានកាន់តែច្រើន នៅពេលគម្រោងព្រែកជីកហ្វូណន តេជោបើកឱ្យដំណើរការ។
សេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជា(CSX) កាលពីថ្ងៃទី១១ ខែមីនា បង្ហាញថា សកម្មភាពរបស់PPAP បានបង្ហាញភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២៥ មាននាវាដឹកទំនិញ(Cargo Vessels) ឆ្លងកាត់សរុប៥៨៧ កើនឡើង៣០,១៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ចំណែកកុងតឺន័រ(Containers) ឆ្លងកាត់ មានចំនួន៧៧,២៨៨ ធីអ៊ីយូ(TEU) កើនឡើង៣០,៦១ភាគរយ។ សម្រាប់បរិមាណទំនិញ-ប្រេងឥន្ទនៈ (Cargoes and Gas-Fuel)ឆ្លងកាត់ គឺមាន៨៣៣,៦២៨តោន កើនឡើង៣៦,៣១ភាគរយ។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្រៅពីនាវាដឹកទំនិញ PPAP ក៏ទទួលបានការចូលចតរបស់នាវាដឹកអ្នកដំណើរ(Passengers boats) ចំនួន ៩៤ គ្រឿង ធ្លាក់ចុះ១,០៥ភាគរយ និងមានអ្នកដំណើរ(Passengers) សរុប១០,០១៩នាក់ កើនឡើង៩,៣១ភាគរយ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោកជា ចាន់ដារ៉ា បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចសកល និងកំណើនផលិតកម្មនៅកម្ពុជា បានធ្វើឱ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញ សម្រាប់បំពេញតម្រូវការក្នុងស្រុក និងទីផ្សារអន្តរជាតិមានកាន់តែច្រើន។
មូលហេតុដែលចំនួននាវាចរណ៍ដឹកទំនិញ និងកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើង គឺដោយសារការខិតខំអភិវឌ្ឍ និងសាងសង់ចំណត និងឃ្លាំងស្តុកទំនិញកាន់តែច្រើន ដែលធ្វើឱ្យការដឹកជញ្ជូនកាន់តែទទួលបានទំនុកចិត្តពីម្ចាស់ទំនិញ។
លោកបន្តថា “ម៉្យាងទៀតការដឹកជញ្ជូនទំនិញ តាមផ្លូវទឹកក៏មានតម្លៃទាប ជាងការដឹកជញ្ជូនតាមមធ្យោបាយផ្សេងៗ និងបានបរិមាណច្រើនផងដែរ”។
លោកលើកឡើងថា នាវា និងទំនិញឆ្លងកាត់តាមកំពង់ផែភ្នំពេញ នឹងហក់ឡើងកាន់តែខ្ពស់ នៅពេលគម្រោងព្រែកជីកហ្វូណន តេជោ សាងសង់រួចរាល់។
លោកបានថ្លែងថា ចំនួននាវា និងកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តកភ្នំពេញ នឹងបន្តកើនឡើងថែមទៀត។ កំណើននេះបញ្ជាក់ពីភាពរីកចម្រើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
កាលពីថ្ងៃទី១ ខែមីនា កន្លងមកថ្មីៗ នេះ នៅទីស្នាក់ការ PPAP លោក ហ៊ឺ បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរ វាងកំពង់ផែស្វយ័តភ្នំពេញ ជាមួយក្រុមហ៊ុនកំពង់ផែSaigon និងកំពង់ផែ Hau Giang ផងដែរដើម្បីសម្រួលដល់កិច្ចសហការ ដឹកជញ្ជូនទៅមករវាងកំពង់ផែទំាង៣។
ប្រធានលេខាធិការដ្ឋាននៃកំពង់ផែស្វយ័តភ្នំពេញ លោក គង់ ចាន់នី កាលពីពេលថ្មីៗនេះបាននិយាយថា ប្រតិបត្តិការរបស់កំពង់ផែស្វយ័តភ្នំពេញត្រូវបានរំពឹងថា នឹងមានកំណើនខ្ពស់បន្ថែមទៀតនៅពេលខាងមុខ ខណៈ PPAP កំពុងដាក់សំណើទៅថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដើម្បីបើកដំណើរការផែរណបចំនួន៧ ទីតាំងបន្ថែមទៀត។
ផែរណបទាំងនោះ មាននៅក្នុងខេត្តកំពង់ឆ្នាំង២កន្លែង ខេត្តកណ្តាល២ ខេត្តសៀមរាប កំពង់ចាម និងក្រចេះ ចំនួន១ទីតាំង។
បច្ចុប្បន្នកំពង់ផែស្វយ័តភ្នំពេញមានចំណត និងផែរណបចំនួន ៧ទីតាំង ដោយមាននៅភ្នំពេញ ៣ទីតាំង។ ចំនួន២នៅក្នុងខេត្តកណ្តាល និង ១ទីតាំងនៅក្នុងខេត្តព្រៃវែង និងត្បូងឃ្មុំ ដែលផែទាំងអស់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនកសិផល ព្រមទាំងទំនិញធ្ងន់ៗមួយចំនួន។
កាលពីឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានប្រមាណ៤១លានដុល្លារ កើនឡើង២១ភាគរយធៀបឆ្នាំ២០២៣ ចំណែកទូរកុងតឺន័រ បានកើនឡើងជិត៥០ម៉ឺនធីអ៊ីយូ៕