ដោយៈ គង់ សិរីម៉ាណា
កំពង់ចាមៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ចាម។
លោកជំទាវទេសាភិបាល មានប្រសាសន៍ក្នុងពិធី ដែលបានធ្វើឡើងកាលពីថ្ងៃទី១០ មិនាថា ការផ្ទេរភារកិច្ចនេះ នឹងជួយផ្លាស់ប្ដូរបទពិសោធ និងពង្រឹងមុខងារភារកិច្ច របស់មន្រ្តីសាខាខេត្តឱ្យកាន់តែមានប្រសិទ្ធភាព និងបានយកឱកាសនេះ ជំរុញលើកទឹកចិត្តឱ្យមន្ត្រី-បុគ្គលិកទាំងអស់ បន្តខិតខំបំពេញការងារ ឱ្យកាន់តែសកម្មថែមទៀត ព្រមទាំងពង្រឹងទំនាក់ទំនង កាន់តែល្អប្រសើរជាមួយមន្ទីរ-អង្គភាព និងស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ត។
បន្ថែមលើនេះ លោកជំទាវក៏បានសង្កត់ធ្ងន់ ពីសារៈសំខាន់នៃសកម្មភាពបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការប្រើប្រាស់ សេវាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
បន្ទាប់ពីកម្មវិធីនេះ លោកជំទាវ ទេសាភិបាល ក៏បានដឹកនាំគណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលការងារជាមួយ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៕