ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ជិត១០ពាន់លានដុល្លារ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ការ​នាំ​ចេញ​-នាំ​ចូល​ទំនិញ​របស់កម្ពុជា ជា​មួយ​ប្រទេសដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់ ​​​នៅ​ក្នុង​​រយៈ​ពេល២​ខែ​ដើម​ឆ្នាំ២០២៥ មាន​ទឹក​សរុប​ប្រាក់​ជាង៩,៤ ពាន់​លាន​ដុល្លារអាមេរិក ​កើន​​ជាង១៦​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

ទំហំទឹក​ប្រាក់​នៃ​ពាណិជ្ជកម្ម​រទ្វេភាគី ​ជាមួយ​ប្រទេស​ចិន បាន​​​គ្រប​ដណ្តប់ជិត៣០ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​សរុប។ នេះ​បើ​យោង​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យ​កត់ត្រា​ដោយ GDCE ដែល​ទើបចេញ​ផ្សាយ​នៅ​មុន​នេះ​បាន​​ឱ្យ​ដឹង​ថា ក្នុង​ខែ​មករា-ខែកុម្ភៈ ឆ្នាំ​ ២០២៥ ចរាចរណ៍​ទំនិញ​​ចេញ​-​ចូល​របស់កម្ពុជា​​ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​ មានទឹក​ប្រាក់​ស​រុ​ប៩,៤៤៧,៥៣លាន​ដុល្លារ កើន​ឡើង​១៦,៣​ភាគ​រយ ​បើ​ធៀប​នឹងរយៈ​ពេល​ដូចគ្នា​ក្នុង​​​ឆ្នាំ​២០២៤ ដែលមានចំនួន៨,១២០,៦១ លាន​ដុល្លារ។

ក្នុង​ចំនួន​នេះ គឺ​​ទំនិញ​កម្ពុជានាំចេញ​មាន​ទឹកប្រាក់​ ៤ ៤៦០,២ ​លាន​ដុល្លារ កើនឡើង១១,៩​ភាគរយ និង​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស​​ ៤ ៩៨៧,៣៣លាន​ដុល្លារ កើន​២០,៦ភាគរយ​​។

ទិន្នន័យបានឱ្យ​ដឹង​ទៀត​ថា ប្រទេស​ចិន​បាន​បន្ត​ឈរមុខ​គេ ​ក្នុង​នាម​ជា​ដៃគូពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់កម្ពុជា ដោយ​មាន​ទឹក​ប្រាក់​សរុប ២ ៦៦២,៧៣លាន​ដុល្លារ កើនឡើង២១,១​ ភាគរយ ក្នុង​នោះ​កម្ពុជា​នាំចេញ២១៧,៩៦លាន​ដុល្លារ ធ្លាក់​ចុះ៤,៣​ភាគរយ និង​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន២ ៤៤៤,៧៧ លាន​ដុល្លារ កើនឡើង២៤​ភាគរយ​។

អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា ចំនួន​​​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​របស់​កម្ពុជាដែល​កើន​ជាង១០​​ភាគ​រយ​ នា​រយៈ​ពេល​២​ខែ​ដើម​ឆ្នាំ​ ២០២៥ គឺ​​​ដោយ​សារ​​សមត្ថ​ភាព​ផលិត​កម្ម កម្ពុជា​មាន​កាន់​តែ​ខ្លាំង ហើយ​គុណ​ភាព​របស់​វា​ក៏​មានកម្រិត​ស្តង់ដារ​ផងដែរ​។

លោក​បានបញ្ជាក់ថា “ខ្ញុំ​មាន​ជំនឿថា ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ នឹង​បន្ត​កើន​ឡើង​ទៀត​ក្នុង​ឆ្នាំ​នេះ ព្រោះ​បច្ចុប្បន្ន​កម្ពុជា​មាន​ផលិត​ផល​ជា​ច្រើនមុខ​សម្រាប់​នាំ​ចេញ ខណៈ​កេរ្តិ៍​ឈ្មោះគុណភាពនិង​តម្លៃ​ទំនិញ​កម្ពុជា ​ក៏​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here