លោកឌិត ទីណាជម្រុញប្រជាកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើបខណៈវិស័យនេះរួមចំណែក២២ភាគរយនៃGDP

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បានជំរុញ និង​លើក​ទឹក​ចិត្ត​ប្រជាកសិករដាំម្ទេស​ចូល​រួម​ក្នុង​សហគមន៍​កសិកម្ម​ទំនើបឱ្យ​បាន​កាន់​តែ​ច្រើន។

​ការ​ចូល​រួមក្នុងសហគមន៍​នេះ ​នឹង​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ ជា​ពិសេស​ការធានាផ្នែក​ទីផ្សារ និងតម្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅ​ក្នុងពេល​​ចូល​រួម​ជាគណៈអធិបតី ក្នុងពិធីចុះកិច្ចសន្យាទិញលក់ “ម្ទេសស្តង់ដាសុវត្ថិភាព” និង​ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើប​ម្ទេសដំណាក់ទ្រយឹង ដែល​មាន​​​សមាជិក​ចំនួន ១៨២គ្រួសារ លើផ្ទៃដី៥២ហិកតា ក្នុង​ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា លោកឌិត ទីណា បាន​មានប្រសាសន៍ឲ្យដឹងថា ការរៀបចំសហគមន៍កសិកម្មទំនើប គឺ​ដើម្បី​ជួយ​ឱ្យបងប្អូនប្រជាកសិករ​ទាំងអស់ទទួលបានជីវភាពល្អប្រសើរ​។

ទីតាំងសហគមន៍កសិកម្មទំនើប​ម្ទេស ដំណាក់ទ្រយឹង គឺ​មាន​ភាព​អំណោយ​ផល​ល្អ​សម្រាប់​ការ​ដាំដុះ​ម្ទេស ហេតុ​នេះ​ប្រសិន​បើ​​ប្រជាកសិករ​អនុវត្តតាមបច្ចេកទេសដាំដុះ​ត្រឹមត្រូវ និងចូល​រួម​ក្នុង​សហគមន៍​កសិកម្ម​ទំនើបបន្ថែម​ទៀត​នោះ ពួក​គេ​នឹង​ទទួល​បាន​ផល​ចំណេញ​កាន់​តែ​ច្រើន​ តាមរយៈការធានាទាំងទីផ្សារ និងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។

លោកឌិត ទីណាបាន​បន្ត​ថា “ក្រសួង​កសិកម្ម តែងតែ​ជួយជំរុញ និង​ផ្តល់​ការ​​គាំទ្រ​​ចំពោះ​​ដំណើរការ ​របស់​​សហគមន៍​កសិកម្ម​ទំនើប”។

លោក​បាន​ថ្លែង​ថា ​​ក្រសួងកសិកម្មបានរៀបចំគិតគូរ ច្បាស់លាស់ និងមានការគាំទ្រផ្នែកទុន តាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេ​កទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែកបងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ។

កាល​ពី​ចុង​ខែ​មករា អំឡុង​ពេល​ចុះ​ជួប​ប្រជាកសិករ​នៅ​ខេត្ត​បាត់ដំបង លោក ឌិត ទីណា បាន​លើក​ឡើង​ថា ការ​ចូលរួមគ្នា​របស់​ប្រជាកសិករ​ ដើម្បី​​ចងក្រង​បង្កើត​ជា​សហគមន៍កសិកម្មទំនើប នឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ទៅ​ដល់​ពួក​គេ​។

ផល​ចំណេញ​​​ទាំង​នោះមាន​ដូច​ជា ​ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ ការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រា​យធំក្នុង​តម្លៃ​ទាប​ មាន​ការ​រៀបចំផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់​តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ អាច​ទទួលបានកម្ចីការប្រាក់ទាប ព្រម​ទាំង​​មានទីផ្សារ​ទទួល​ទិញ​ពិតប្រាកដ។

លោក​បាន​ថ្លែង​ថា ​សហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្របច្ចេកទេស ពីក្រសួងកសិកម្មដោយ​ផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ។ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព។

ដើម្បី​ជំរុញ​ការ​ដាំដុះ និង​បង្កើន​ទិន្នផល​ក្នុង​វិស័យ​កសិកម្ម ពិសេ​ស​ផលិតកម្ម​ស្រូវ រាជរដ្ឋាភិបាល​កម្ពុជា​នីតីកាល​ទី៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ​វិធាន​ការ​អាទិភាព​ជា​ច្រើន ដើម្បី​ជួយ​ដល់​ប្រជាកសិករ ក្នុង​នោះ ​ក៏​មាន​ការ​ដាក់​​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ ឱ្យ​ទៅ​​ជួយដោយ​ផ្ទាល់​​នៅ​តាម​ឃុំ​(កសិកម្ម)នៅ​ស្ទើ​រ​ទូទាំង​ប្រទេស​។​

លោកឧបនាយករដ្ឋមន្រ្តី​ លោក សុខ​ ចិន្តាសោភា​ នៅ​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ ២០២៤ និងទិសដៅអនុវត្តឆ្នាំ ២០២៥ កាល​ពី​ចុងខែមករា បាន​លើក​ឡើង​ថា កសិកម្ម ​គឺ​ជា​វិស័យ​អាទិភាព​មួយ ដែល​ថ្នាក់ដឹកនាំ​​រដ្ឋាភិបាលតែង​គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ព្រោះ​វិស័យ​នេះ​​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រទេសកម្ពុជា ​អាច​ធានាបាន​នូវ​សន្តិសុខស្បៀង​សម្រាប់​ប្រជាជន​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាផ្នែក​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។

លោក​បន្ត​ថា ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​ រាជរដ្ឋាភិបាល​កម្ពុជា​​បានកំណត់គោលនយោបាយ អាទិភាពសំខាន់​ៗ​ជា​ច្រើន ក្នុង​ន័យ​ជំរុញ​ការ​បង្កបង្កើនផល រក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍កសិកម្មទំនើប។

សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ​២០២៥ ត្រូវបានព្យាករណ៍​ថា​នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៣ភាគរយ ដែល​ត្រូវទ្រទ្រង់​ចម្បង​ដោយ​វិស័យឧស្សាហកម្ម ដែល​​​អាចមាន​កំណើន​៨,៦ភាគរយ វិស័យ​សេវាកម្ម ៥,៦ភាគរយ និង​វិស័យ​កសិកម្ម ១,១ភាគរយ។ នេះ​បើ​យោង​តាម​ឯកសារ​ថវិកាសង្ខេប​ឆ្នាំ ២០២៥។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបាននាំចេញកសិផលចំនួន១១,៧ លានតោន ​កើនឡើង៣៩ភាគរយ បើធៀបនឹងឆ្នាំ​២០២៣ ដែលមានចំនួន ៨,៤លានតោន។

ទំហំទឹកប្រាក់ពីការនាំចេញកសិផលនេះ ​មានតម្លៃ​ប្រមាណ ៤,៨ ពាន់​លានដុល្លារ។ ផលិតផលកសិកម្មនាំចេញ​សំខាន់ៗ រួមមាន ជ័រកៅស៊ូ ស្រូវ អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ផ្លែមៀន ម្រេច និងកសិផលសំខាន់ៗមួយចំនួនទៀត។ វិស័យកសិកម្ម បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប(GDP) ប្រមាណ២២ភាគរយ ​នៅ​ក្នុង​ឆ្នាំ ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here