ដោយៈ ម៉ាណា
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកដេរិក យីប (Derek YIP) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល និងប្រកាសឱ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ និងស្ពាន ជំហានទី១ និងប្រកាសជំនួយបច្ចេកទេសជំហានទី២។
លោក Geoff Allan នាយកប្រតិបត្តិ Austroads តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធក៏បានចូលរួមផងដែរ។
ពិធីនេះគឺជាការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវបទដ្ឋានបច្ចេកទេសថ្មី ដែលកើតចេញពីចំណងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អូស្ត្រាលី និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាព បទដ្ឋានបច្ចេកទេសតាំងពីឆ្នាំ២០០០ ដើមី្បឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះក៏បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មដៃគូអន្តរជាតិ និងការពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រមួយកម្រិតទៀត។
លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា “បទដ្ឋានបច្ចេកទេស ដែលទទួលបានការគាំទ្រពីមិត្តអូស្ត្រាលី គឺជាទំព័រថ្មីមួយបន្ថែមទៀត សម្រាប់បន្តរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់កម្ពុជា”។ លោកបន្ថែមថា “បទដ្ឋានបច្ចេកទេសផ្លូវ និងស្ពានដែលបានធ្វើបច្ចុប្បន្នភាពទាំងនេះ រួមជាមួយនឹងកម្មវិធីពង្រឹងសមត្ថភាព នឹងជួយឱ្យយើងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានប្រកបដោយសុវត្ថិភាព ធន់ និងធានានិរន្តរភាពក្នុងការប្រើប្រាស់ឱ្យកាន់តែប្រសើរ ដើមី្បបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងជួយជំរុញពិពិធកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសោភ័ណភាព និងគុណភាព”។
លោកឯកអគ្គរដ្ឋទូត ដេរិក យីប បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងបានបញ្ជាក់បន្ថែមថា “ភាពជាដៃគូរវាងកម្ពុជា-អូស្ត្រាលី បានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ រវាងប្រជាជាតិទាំងពីរ។ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី រីករាយក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជាលើការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានលក្ខណៈ សមស្របសម្រាប់កម្ពុជា ដើមី្បរួមចំណែកដល់កំណើនសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន និងភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ”៕