ដោយៈ គង់ សិរីម៉ាណា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យធនាគារជាតិ និងស្ថាប័នពាក់ព័ន្ធ ធ្វើការស្រាវជ្រាវអំពីការចូលរួមរបស់អាជីវកម្មខ្នាតតូច ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចបន្តថា កំណើនដែលរដ្ឋាភិបាលបានប៉ាន់ស្មាន គឺផ្អែកលើទិដ្ឋភាពម៉ាក្រូ ដែលអាចមិនឆ្លើយតបទៅនិងស្ថានភាពជាក់ស្ដែង ជាពិសេសតាមវិស័យនីមួយៗ។
ថ្លែងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ស្ដីពី “យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព” នៅព្រឹកថ្ងៃទី៤ ខែមីនានេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កំណើនសេដ្ឋកិច្ចផ្អែកលើទិដ្ឋភាពម៉ាក្រូ មិនឆ្លើយតបទៅនឹងទិដ្ឋភាពមីក្រូសេដ្ឋកិច្ច នៃវិស័យនីមួយៗនោះទេ។
សម្តេចបានបញ្ជាក់ថា “ធម្មតាយើងមិនអាចមានសេដ្ឋកិច្ចទាំងអស់៦ភាគរយគ្រប់វិស័យនោះទេ។ មានខ្លះលើស៦ភាគរយ ខ្លះក្រោម ៦ភាគរយ”។ សម្តេចបន្តថា “អីចឹងបានឲ្យសង្កេតមើល ជាពិសេសវិស័យលក់រាយ វិស័យតូចតាចដែលគេហៅថា informal sector ឬ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលពាក់ព័ន្ធនឹងការលក់ដូរ របស់ប្រជាពលរដ្ឋ ជីវភាពរបស់ប្រជាពលរដ្ឋ ដែលខ្ញុំបានតាមដានជាប្រចាំ”។
សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្ត តាមការអង្កេតរបស់លោកកន្លងទៅមានហាងខ្លះបានបិទ ប៉ុន្តែចុងក្រោយនេះបានបើកឡើងវិញជាបន្តបន្ទាប់។ ការបើកឡើងវិញនេះ អាចមិនត្រូវបានយកមកសិក្សា ហើយការព្យាករកំណើនប្រចាំឆ្នាំ មិនឆ្លើយតបនឹងទិន្នន័យនៃអត្រានៃកំណើនជាក់ស្ដែង។
សម្តេចធិបតីបានបន្តទៀតថា “បើយើងចង់បានទៅលើគោលដៅណាពិតប្រាកដ ហើយច្បាមយកឲ្យបាន។ នេះជាកិច្ចការសំខាន់ក្នុងការប្រមូលទិន្នន័យ វិភាគ ស្រាវជ្រាវ និងពិគ្រោះយោបល់ជាមួយតួអង្គនោះផ្ទាល់”។
សម្តេចបន្តថា កុំយកទិន្នន័យនៅក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល ហើយទៅវាយតម្លៃពីសតិអារម្មណ៍ និងការចង់បានរបស់វិស័យសេវាកម្ម គឺត្រូវតែចុះស្ទាបស្ទង់មតិក្នុង[វិស័យ] នោះតែម្ដង ហើយយើងធ្វើការតាមដានជាប់ជាប្រចាំ គឺត្រួតពិនិត្យនិងអនុវត្តផែនការ និងគោលនយោបាយ។
រដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះនឹងមានក្នុងរង្វង់៦,៣ភាគរយ ដោយផ្អែកទៅលើការត្រលប់ទៅរកភាពល្អបន្តិចម្តងៗ នៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា។ នៅក្នុងប្រទេសសកម្មភាពសេដ្ឋកិច្ចក៏បន្តរក្សាស្ថិរភាព។
នៅឆ្នាំ២០២៤កន្លងទៅ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា បានងើបឡើងវិញក្នុងអត្រា៦,០ភាគរយ ដោយយោងទៅលើការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតងជាមួយនឹងការចាប់ផ្តើម និងពន្លឿនការអនុវត្តយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល៕