ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈទិន្នន័យបង្ហាញថា វិស័យផលិតកម្មនៅក្នុងប្រទេសចិនមានសន្ទុះវិជ្ជមាន។ ការណ៍នេះបាននាំឱ្យក្រុមអ្នកវិនិយោគមានសុទិដ្ឋិនិយមជាថ្មីចំពោះតម្រូវការប្រេងឥន្ធនៈ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៧៦សេនដល់៧៣,៥៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0206 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៧៥សេនដល់៧០,៥១ដុល្លារក្នុងមួយបារ៉ែល។
យោងតាមប្រភពទិន្នន័យផ្លូវការបានឱ្យដឹងថា សកម្មភាពផលិតកម្មនៅប្រទេសចិនក្នុងខែកុម្ភៈបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែ ដោយសារកំណើននៃការបញ្ជាទិញថ្មី និងតម្រូវការទំនិញកាន់តែច្រើន៕