ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ស្របពេលដែលមានការរំពឹងទុកថា ប្រទេសអុីរ៉ាក់នឹងនាំចេញប្រេងរបស់ខ្លួនពីអណ្តូងប្រេងក្នុងតំបន់ Kurdistan ឡើងវិញ។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២០សេនមកនៅត្រឹម៧៤,២៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0113 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ២៨សេនមកនៅត្រឹម៧០,១២ដុល្លារក្នុងមួយបារ៉ែល។
ប្រទេសអុីរ៉ាក់គ្រោងនឹងនាំចេញប្រេងឆៅចំនួន១៨៥.០០០បារ៉ែលនៅក្នុងមួយថ្ងៃពីអណ្តូងប្រេងនៅតំបន់ Kurdistan តាមរយៈបំពង់បង្ហូរប្រេងអុីរ៉ាក់-តួកគី។នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីមួយរូបនៃក្រសួងប្រេងអុីរ៉ាក់។
ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់បានប្រកាសថា នីតិវិធីទាំងអស់ត្រូវបានបញ្ចប់រួចរាល់ដើម្បីអនុញ្ញាតឱ្យមានការនាំចេញប្រេងឆៅឡើងវិញតាមរយៈបំពង់បង្ហូរប្រេងអុីរ៉ាក់-តួកគី បន្ទាប់ពីផ្អាកជិត២ឆ្នាំ៕