ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារការធ្លាក់ចុះនៃស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិក បានជំរុញការរំពឹងទុកអំពីកំណើនតម្រូវការប្រេងសាំងនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៦សេនដល់៧៦,៦៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0123 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១៧សេនដល់៧២,៦៥ដុល្លារក្នុងមួយបារ៉ែល។
យោងតាមទិន្នន័យផ្លូវការពីរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក(EIA) បានបង្ហាញថា ស្តុកប្រេងសាំងអាមេរិកបានធ្លាក់ចុះចំនួន១៥១.០០០បារ៉ែលមកនៅសល់ត្រឹម២៤៧,៩លានបារ៉ែលកាលពីសប្តាហ៍មុន។
លោក Toshitaka Tazawa អ្នកវិភាគនៅក្រុមហ៊ុន Fujitomi Securities បានអះអាងថា “ការធ្លាក់ចុះនៃស្តុកប្រេងសាំងអាមេរិក និងការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងចេញពីប្រទេសរុស្ស៊ីកំពុងជំរុញឱ្យតម្លៃប្រេងកើនឡើង”៕