ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរបាយការណ៍មួយបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកមានការកើនឡើង។ នេះជាសញ្ញាបង្ហាញពីការថយចុះនៃតម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២២សេន ឬ០,២៩% មកនៅត្រឹម៧៥,៨២ដុល្លារអាមេរិកក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0135 GMT។
ស្របពេលជាមួយគ្នានេះ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៣០សេន ឬ០,៤២% មកនៅត្រឹម៧១,៩៥ដុល្លារក្នុងមួយបារ៉ែល។
យោងតាមតួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក(API)បង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន៣,៣៤លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈស្តុកប្រេងសាំងបានកើនឡើង២,៨៣លានបារ៉ែល៕