ទ្រព្យសកម្មក្នុងប្រព័ន្ឋធនាគារកម្ពុជាកើនដល់៩១,១ពាន់លានដុល្លារ

ដោយៈ និស្ស័័យ

    ភ្នំពេញៈ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ សម្រេចបានកំណើន៧ភាគរយ គិតជាទឹកប្រាក់ប្រមាណ៩១.១ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤​កន្លងមក។

ទំហំទ្រព្យសកម្មនេះបានបង្ហាញថា ប្រព័ន្ធធនាគារបន្តរក្សាបានវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច។ នេះបើយោងតាមរបាយកាណ៍របស់ធនាគារជាតិនៃកម្ពុជា ប្រចាំឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍បានឲ្យដឹងថា  ការកើនឡើងនេះបង្ហាញថា ប្រព័ន្ធធនាគារបន្តរក្សាបានវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រ ការងើបឡើងនៃសេដ្ឋកិច្ច

តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារ បន្តសម្រេចបានកំណើនទាបត្រឹម៣ភាគរយ មានចំនួន២៤២.៩ទ្រីលានរៀល ឬ៥៩.៩ប៊ីលានដុល្លារអាមេរិក ក្នុងពេលដែលប្រាក់បញ្ញើ បានកើនឡើង១៦.៣ភាគរយ កើនឡើងមានចំនួន២៣០.៩ទីលានរៀល ស្មើ៥៧ប៊ីលានដុល្លារអាមេរិក។

តាមរបាយការណ៍បានបង្ហាញថា ស្ថានភាពដើមទុនមានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃ ដើមទុនមានកម្រិត២២.៥ភាគរយ សម្រាប់វិស័យធនាគារ និង២៦.២ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥%) ស្របពេលដែលទ្រនាប់ដើមទុនខនស៊ើវេសិន ត្រូវបានអនុវត្តត្រឹម១.២៥%។

ជាមួយគ្នានេះសន្ទនីយភាពបន្តមានកម្រិតខ្ពស់ ដោយអនុបាតក្របខណ្ឌសន្ទនីយភាពមានអត្រា ១៩២.៤% សម្រាប់វិស័យធនាគារ និង១៥០.៤% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ធៀបនឹងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១០០%)។

ក្នុងនោះអនុបាតឥណទានមិនដំណើរការ បានបន្ដកើនឡើងក្នុងនោះ វិស័យធនាគារមានកម្រិត៧.៩ភាគរយ និងវិស័យមីក្រូហិវត្ថុមានកម្រិត៩ភាគរយ ប៉ុន្ដែគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើសំវិធានធនគ្រប់គ្រាន់ ដោយសំវិធានធនធៀប នឹងឥណទានមិនដំណើការមាន ៥៥.២ភាគរយ។

ប្រសិនបើដកសំវិធានធន ពីឥណទានមិនដំណើរការដុល អនុបាត​ឥណទាន មិនដំណើរការសុទ្ធមានកម្រិតត្រឹម៣.៥ភាគរយ ដែលជាកម្រិតមួយអាចគ្រប់គ្រងបាន និងបង្ហាញថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ការ និងទប់ទល់នឹងហានិភ័យឥណទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here