តើអ្វីជាគោលនយោបាយទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥ ២០៣៥?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ កំពុងរៀបចំគោលនយោបាយស្តីពី “ទេស​ចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥” ដែលមានចក្ខុវិស័យប្រែក្លាយតំបន់ដែលមានសក្តានុពលនៅកម្ពុជា ទៅជាគោលដៅទេសចរណ៍ “តំបន់ទេសចរណ៍ពិសិដ្ឋ” ពិសេសគឺដើម្បីទាក់ទាញទេសចរពិសេស និងទេសចរគុណភាពលំដាប់ខ្ពស់ឱ្យមកទស្សនា ស្នាក់អាស្រ័យ ធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា

កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំតាក់តែងគោលនយោបាយទេសចរណ៍ពិសិដ្ឋនេះដែរ ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ កិច្ចការរៀបចំទាំងនេះក៏ហាក់ដូចជានៅទ្រឹងសិន។ រហូតដល់មានការបង្កើត គណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍កាលពីពេលថ្មីៗនេះ ទើបគណៈកម្មាធិការជាតិថ្មីនេះ ចាប់ផ្ដើមដឹកនាំការរៀបចំឱ្យមានគោលនយោបាយស្តីពី ទេសចរណ៍ពិសិដ្ឋឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្ដែងក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិអភិវ​ឌ្ឍន៍វិស័យទេសចរណ៍ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍វិស័យទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងគោលនយោបាយស្តីពី “ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥” ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអនុប្រធាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិ អភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនរូប។

អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល លើកិច្ចការជាច្រើន ហើយក៏បានផ្ដោតសំខាន់ លើការពិគ្រោះយោបល់ លើសេចក្ដីព្រាងគោលនយោបាយស្តីពី “ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥”នេះដែរ។

លោកទេសរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពី ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥ សំដៅលើកកម្ពស់កិត្យានុភាពកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍គុណភាព ប្រកបដោយការស្ថាបនា និងអភិវឌ្ឍមូលដ្ឋានផលិតផល និងសេវាកម្មទេសចរណ៍អាទិភាព ស្របតាមនិន្នាការវិវត្តនៃវិស័យទេសចរណ៍ ទាក់ទាញទេសចរគុណភាពលំដាប់ខ្ពស់ឱ្យមកទស្សនា ស្នាក់អាស្រ័យ ធ្វើធុរកិច្ច និងវិនិយោគ ដែលជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមយើង។

អ្វីទៅជាទេសចរណ៍ពិសិដ្ឋ?

តំបន់ទេសចរណ៍ពិសិដ្ឋ សំដៅដល់តំបន់ដែលមានសក្តានុពលទេសចរណ៍ខ្ពស់នៅកម្ពុជា ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។ តំបន់ទេសចរណ៍ពិសិដ្ឋនីមួយៗ ប្រមូលផ្តុំដោយសម្បទា និងសេវាកម្មទេសចរណ៍សំខាន់ៗ រួមមាន សេវាកម្មស្នាក់នៅ និវេសនដ្ឋានទេសចរណ៍ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ មណ្ឌលសម្រាកលម្ហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួន ឧទ្យាន មណ្ឌលផ្តល់សេវាថែទាំសុខភាពទេសចរណ៍ មណ្ឌលសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងៗទៀត។

លើសពីនេះ តំបន់ទេសចរណ៍ពិសិដ្ឋ ត្រូវបានរៀបចំឱ្យមានហេដ្រចនាសម្ពន្ធគាំទ្រគ្រប់គ្រាន់ស្របតាមស្តង់ដា មានសម្បទា និងសេវាកម្មសំខាន់ៗ ដូចជា សេវាកម្មហិរញ្ញវត្ថុ ទូរគមនាគមន៍ អប់រំ ថែរក្សា សុខភាព សុខាភិបាល។ល។ ប្រកបដោយគុណភាពខ្ពស់ សម្រាប់ទ្រទ្រង់ដល់តម្រូវការ និងចំណាប់អារម្មណ៍របស់ទេសចរ និងអ្នកវិនិយោគ។ តំបន់ទេសចរណ៍ពិសិដ្ឋ អាចត្រូវបានអភិវឌ្ឍដោយរាជរដ្ឋាភិបាល ឬដោយវិស័យឯកជន ឬក្រោមភាពជាដៃគូរវាងរដ្ឋនិងឯកជន ដោយមានការលើកទឹកចិត្ត និងគាំទ្រពីរាជរដ្ឋាភិបាល និងស្របតាមក្របខណ្ឌគតិយុត្តជាធរមាន ដែលត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកនៃគណៈកម្មាធិការនេះ បានបញ្ជាក់ដែរថា “តំបន់ទេស​ចរណ៍ពិសិដ្ឋ មិនអាចបង្កើតឡើងនៅតំបន់ព្រំដែន ឬកៀកនឹងតំបន់ព្រំដែន ឬក៏តំបន់ដែលមានហានិភ័យផ្សេងៗឡើយ។

លោក ទិត ចន្ថា បានពន្យល់ពីចំណុចដែលហៅថា “ទេសចរពិសេស” គឺសំដៅដល់ទេសចរអន្តរជាតិ ដែលទទួលបានការអនុញ្ញាតចូលចេញ និងស្នាក់នៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ទេសចរពិសេស ត្រូវបានផ្តល់សិទ្ធិនិងការអនុញ្ញាតក្នុងការវិនិយោគ ចូលរួមក្នុងសកម្មភាពធុរកិច្ច អភិវឌ្ឍ និងអាស្រ័យផល នៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ដោយសារធនធាននិងឥទ្ធិពលរបស់ទេសចរទាំងនោះ ក្នុងការជំរុញនិងគាំទ្រដល់ការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។

ទេសចរពិសេសអាចមានទម្រង់ជាទេសចរធុរកិច្ច ទេសចរផ្ទះទី២ ទេសចរនិវត្តជន (មានធនធាន) និងប្រភេទទេសចរផ្សេងៗទៀត និងទទួលបានសិទ្ធិពិសេសនានា ក្នុងការចូលចេញ ស្នាក់អាស្រ័យ និងទទួលផលប្រយោជន៍ក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានសិទ្ធិអាស្រ័យផល ក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ស្របតាមច្បាប់និងក្របខណ្ឌគតិយុត្តដែលមានជាធរមាន ឬនឹងត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល។

អង្គប្រជុំក៏បានសង្កត់ធ្ងន់ ចំពោះចក្ខុវិស័យនៃគោលនយោបាយស្តីពី ទេសចរណ៍ពិសិដ្ឋឆ្នាំ២០២៥-២០៣៥នេះ ពោលគោលនយោបាយថ្មីនេះ មានចក្ខុវិស័យបង្កើនភាពទាក់ទាញទេសចរពិសេសឱ្យបានជាង២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិជាង១៥លាននាក់ ដែលគ្រោងទស្សនាកម្ពុជានៅឆ្នាំ២០៣៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here