ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារការចាប់ផ្ដើមសង្រ្គាមពាណិជ្ជកម្មជាថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំជាមួយប្រទេសចិន និងការគំរាមដំឡើងពន្ធលើប្រទេសផ្សេងទៀត។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៥សេនដល់៧៤,៤៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0150 GMT។
ប៉ុន្តែ ប្រសិនបើគិតក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍តម្លៃប្រេងឆៅ Brent futures អាចនឹងធ្លាក់ចុះក្នុងរង្វង់៣,២ភាគរយនៅសប្តាហ៍នេះ។ អត្រានេះជាសញ្ញានៃការធ្លាក់ចុះយ៉ាងខ្លាំងបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែកញ្ញា ឆ្នាំមុន។
តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures (WTI) បានកើនឡើង៩សេនដល់៧១,៧០ដុល្លារអាមេរិកក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកលដូចខាងលើ។
ប៉ុន្តែ ប្រសិនបើគិតក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍តម្លៃប្រេងឆៅ WTI អាចនឹងធ្លាក់ចុះក្នុងរង្វង់២,៧ភាគរយនៅសប្តាហ៍នេះ។
កាលពីចុងសប្តាហ៍មុន រដ្ឋបាលលោក ដូ ណាល់ត្រាំ បានប្រកាសដំឡើងពន្ធថ្មីចំនួន១០ភាគរយលើការនាំចូលទំនិញរបស់ចិនមកកាន់ទឹកដីអាមេរិក។ ការដំឡើងពន្ធនេះជាផ្នែកមួយនៃផែនការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕