ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃសុក្រនេះ ខណៈប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានគំរាមយកពន្ធលើការនាំចូលទំនិញពីម៉ិកស៊ិក និងកាណាដា ដែលជាប្រទេសលក់ប្រេងឆៅដ៏ធំបំផុតទាំង២មកឱ្យសហរដ្ឋអាមេរិក ខណៈការយកពន្ធអាចចូលជាធរមាននៅចុងសប្តាហ៍នេះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយលក់នៅខែមីនាបានកើនឡើង៦១សេនដល់៧៧,៤៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0430 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futuresបានកើនឡើង៦៥សេនដល់៧៣,៣៨ដុល្លារក្នុងមួយបារ៉ែល។
ប៉ុន្តែ បើគិតពេញមួយសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ១,៣ភាគរយ ខណៈពេលដែលតម្លៃប្រេងឆៅ WTI បានធ្លាក់ចុះ១,៦៩ភាគរយ។
លោកស្រី Priyanka Sachdeva អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Phillip Nova បានលើកឡើងថា “តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងសប្តាហ៍នេះ ខណៈការដាក់ពន្ធគយរបស់រដ្ឋបាលលោក ដូ ណាល់ត្រាំត្រូវបានគេរំពឹងថានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ហើយវានឹងបន្តជះផលប៉ះពាល់លើតម្រូវការប្រេងសកល”៕