ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានពិចារណាអំពីផលប៉ះពាល់នៃការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិកលើការនាំចូលទំនិញរបស់ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២សេនមកនៅត្រឹម៧៧,៤៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0132 GMT ខណៈតម្លៃប្រេងឆៅអាមេរិក WTI futures បានកើនឡើង៤សេន ឬ០,១%ដល់៧៣,៨១ដុល្លារក្នុងមួយបារ៉ែល។
សេតវិមានបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ នៅតែមានបំណងដាក់ពន្ធចំនួន២៥ភាគរយលើទំនិញនាំចូលមកពីប្រទេសកាណាដា និងម៉ិកស៊ិកនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ព្រមទាំងកំពុងពិចារណាដាក់ពន្ធថ្មីលើប្រទេសចិន។
ក្រុមអ្នកវិភាគលើកឡើងថា ការដាក់ពន្ធថ្មីអាចបង្កផលប៉ះពាល់ដល់ការនាំចូលប្រេងទៅកាន់សហរដ្ឋអាមេរិកពីបណ្តាប្រទេសទាំងនោះ។ ប្រទេសកាណាដាបានផ្គត់ផ្គង់ប្រេងចំនួន៣,៩លានបារ៉ែលក្នុងមួយថ្ងៃដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ខណៈប្រទេសម៉ិកស៊ិកបានផ្គត់ផ្គង់ទៅកាន់អាមេរិកចំនួន៧៣៣.០០០បារ៉ែលក្នុងមួយថ្ងៃ៕