ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ
ក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា ជាមួយឯកអគ្គរាជទូត នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅកម្ពុជា នឹងជួយធ្វើឱ្យការផ្សព្វផ្សាយពី សក្តានុពលវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួមទាំងប្រទេសនៅតំបន់អារ៉ាប់ទាំងមូល កាន់តែមានភាពទូលំទូលាយ និងប្រសើរជាងមុន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅស្តីការក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ហើយនាពេលខាងមុខឆាប់ៗរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ក៏មានគម្រោងបើកដំណើរការស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោករដ្ឋមន្ត្រីក៏បានប្រាប់ភាគីអារ៉ាប៊ីសាអ៊ូឌីត អំពីការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះអំពីបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) ពី៣៦ដុល្លារ មកនៅត្រឹម ៣០ដុល្លារ និងប្រភេទធម្មតា (E) ពី៤២ដុល្លារអាមេរិក មកនៅត្រឹម ៣៥ដុល្លារ។
ជាការឆ្លើយតប លោក Mohammed Ismaeil A. Dahlwy បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជាដែលបានជួបពិភាក្សាការងារ ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការសហការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត ឱ្យកាន់តែល្អប្រសើរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ក្នុងជំនួបខាងលើ ភាគីទាំង២បានព្រមព្រៀងលើវិធីសាស្រ្តមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ទ្វេភាគី មានដូចជា ការឯកភាពលើការពង្រឹង កិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម។ ការឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម(Muslim Friendly Tourism), ការឯកភាពពិនិត្យលទ្ធភាពរៀបចំ កម្មវិធីដំណើរទស្សនកិច្ចស្វែងយល់(FAM Trip) ដោយមានការចូលរួមពីផ្នែកឯកជន ក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
យោងតាមទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជាង៦,៧លាននាក់ កើនឡើង២២,៩ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដោយកើនឡើង១,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩(មុនវិបត្តិជំងឺកូវីដ-១៩)។ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអារ៉ាប៊ីសាអ៊ូឌីត ប្រមាណ៤០០នាក់។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីលីន បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាពិតជាមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញ ភ្ញៀវមកពីបណ្តាប្រទេសក្នុងតំបន់អារ៉ាប់ រួមទាំងអារ៉ាប៊ីសាអ៊ូឌីត ឱ្យមកកម្សាន្ត ព្រោះវិស័យទេសចរណ៍កម្ពុជា គឺមានភាពសម្បូរបែបទាំងទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្រ្ត តំបន់ឆ្នេរសមុទ្រ តំបន់ទន្លេសាប និងជាពិសេសតំបន់អេកូទេសចរណ៍ ដែលមិនសូវមាននៅក្នុងតំបន់អារ៉ាប់ រួមទាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោកស្រីបន្តថា “បច្ចុប្បន្នកម្ពុជាមានជើងហោះហើរត្រង់ជាច្រើនជាមួយបណ្តាប្រទេសក្នុងតំបន់អារ៉ាប់ ដែលទាំងនេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងជំរុញភ្ញៀវពីតំបន់អារ៉ាប់ឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន”។
លោកស្រីបន្តថា តាមរយៈការហោះហើរត្រង់នេះ គឺមិនត្រឹមតែភ្ញៀវតំបន់អារ៉ាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមានមកពីប្រទេសផ្សេងៗផងដែរ។ ខ្ញុំមានសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអារ៉ាប៊ីសាអ៊ូឌីត និងតំបន់អារ៉ាប កាន់តែច្រើននាពេលខាងមុខឆាប់ៗនេះ។
លោកស្រីលើកឡើងទៀតថា បច្ចុប្បន្នក៏មានជនជាតិកម្ពុជាមួយចំនួន បានទៅដើរកម្សាន្តនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងតំបន់អារ៉ាប់ផងដែរ។ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ គឺប្រៀបដូចជាការផ្សព្វផ្សាយឱ្យគេស្គាល់ពីកម្ពុជាកាន់តែច្រើនផងដែរ៕