ការផ្ទេរប្រាក់តាមទូរសព្ទកំពុងពេញនិយមសម្រាប់សប្បុរសជនក្នុងការបរិច្ចាគ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ននេះ ការផ្ទេរប្រាក់តាមទូរសព្ទ ឬហៅថាធនាគារចល័ត ( Mobile Banking ) បានក្លាយជាមធ្យោបាយពេញនិយមមួយសម្រាប់ពលរដ្ឋសប្បុរសជនក្នុងការបរិច្ចាគទៅកាន់មូលនិធិ ដើម្បីជួយអ្វីមួយ ឬអ្នកណាម្នាក់។

ជាការកត់សម្គាល់ នៅពេលមានការអំពាវនាវដល់ពលរដ្ឋសប្បុរសជនចូលរួមបរិច្ចាគថវិកា ដើម្បីជួយសង្គ្រោះអ្វីមួយ ឬអ្នកណាម្នាក់ដូចជាជួយដល់មន្ទីរពេទ្យសង្គ្រោះកុមារជាដើម ឃើញថា សប្បុរសជនបានចូលរួមតាមរយៈការផ្ទេរចេញពីទូរសព្ទដៃទៅកាន់គណនីធនាគាររបស់អ្នកទទួលជំនួយ ហើយសប្បុរសជនជាច្រើនក៏បានចូលរួមតាមទឹកចិត្តរបស់ខ្លួន។

មិនខុសគ្នានៅពេលនេះដែរ ក្នុងពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសត្រៀមថវិកាទិញវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ ក៏មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ហើយសម្រាប់ពលរដ្ឋដែលមានជីវភាពមធ្យមក៏បានបរិច្ចាគទៅកាន់គណនីធនាគាររបស់អ្នកទទួលជំនួយនេះជាច្រើនផងដែរ ដែលអាចបញ្ជាក់បានថា អ្នកបរិច្ចាគកាន់តែច្រើនហើយភាគច្រើន គឺបរិច្ចាគដោយប្រើមធ្យោបាយផ្ទេរតាមទូរសព្ទដៃ ដោយមិនចាំបាច់ទៅកាន់កន្លែងទទួលជំនួយឬ ជួបអ្នកទទួលជំនួយផ្ទាល់នោះទេ។
យោងតាមប្រភពពីគណនីហ្វេសប៊ុកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ទាល់ឃើញថា មានសប្បុរសជនជាច្រើនបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីផ្ដល់ជូនរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ និងបានបរិច្ចាគតាមធនាគារចល័ត ដោយមិនចាំបាច់ទៅកាន់ទីកន្លែងផ្ទាល់ និងជាមធ្យោបាយលឿនបំផុតនិងអាចដឹងពីចំនួនទឹកប្រាក់ទទួលបានពីសប្បុរសជនភ្លាមៗផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកអ៊ិន ចាន់នីប្រធានសមាគមធនាគារបានថ្លែងកន្លងមកថា ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្ទេរប្រាក់ជាសេសតាមទូរសព្ទចល័តគឺមានភាពងាយស្រួលណាស់។ អ្នកប្រើប្រាស់ធនាគារចល័ត (ទូរសព្ទដៃ) នឹងមិនចាំបាច់ចំណាយថ្លៃសេវាក្នុងការផ្ទេរប្រាក់ទៅកាន់ភាគីម្ខាងទៀត ព្រោះក្នុងមួយថ្ងៃធនាគារខ្លះបានផ្ដល់លទ្ធភាព ផ្ទេរបាន២០ម៉ឺនដុល្លារអាមេរិក ដោយមិនគិតសេវា។

លោកបន្តថា គុណសម្បត្តិក្នុងការប្រើប្រាស់ធនាគារចល័ត គឺអ្នកប្រើប្រាស់មិនបាច់ធ្វើដំណើរទៅកាន់ទីកន្លែងដោយផ្ទាល់ក្នុងការទូទាត់ ។ ពួកគេអាចផ្ទេរ ឬទូទាត់ចេញពីផ្ទះក៏បានឱ្យតែមានទូរសព្ទដៃ និងមានអ៊ីនធើណេត ដែលជាការងាយស្រួលនិងមិនភ័យព្រួយពីការបាត់បង់ប្រាក់របស់ខ្លួនផងដែរ។

ការប្រើប្រាស់ធនាគារចល័ត តាមទូរសព្ទនៅពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាភាគច្រើនជាយុវវ័យនិងជាអ្នកដែលចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយការចាយវាយក្រដាសប្រាក់ក៏ត្រូវបានមើលឃើញថាកាត់បន្ថយបន្តិចម្ដងផងដែរ ដោយជំនួសនូវការចាយវាយតាមប្រព័ន្ធឌីជីថលជំនួសវិញជាពិសេសមធ្យោបាយតាមទូរសព្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here