ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា ទីតាំងលក់រាយថ្មីសរុបទំហំ១,១៦លានហ្វីតការ៉េនៅតំបន់កណ្តាលទីក្រុងគូឡាឡាំពួររ បស់ប្រទេសម៉ាឡេស៊ីនិងទីតាំងលក់រាយ ទំហំ៣,០៨លានហ្វីតការ៉េទៀត នៅតំបន់ជាយក្រុង នឹងចាក់បញ្ចូលទៅកាន់ទីផ្សារនៅឆ្នាំ២០២៥។
ការផ្គត់ផ្គង់ក្នុងទំហំផ្ទៃក្រឡាដ៏ធំនេះ អាចនាំឱ្យអត្រាទីតាំងលក់រាយទំនេរកើនឡើង ទោះបីជាទស្សនវិស័យនៃតម្រូវការមានសញ្ញាវិជ្ជមានយ៉ាងណាក្តី។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុនខាងលើ។
ការជួលត្រូវបានគេរំពឹងថា នឹងកើនឡើង ដោយសារការជំរុញតម្រូវការ ពីបណ្តាក្រុមហ៊ុនលក់រាយក្នុងស្រុក និងអន្តរជាតិ។ ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍នឹងពង្រឹងបទពិសោធន៍ នៃការដើរទិញទំនិញរបស់អ្នកប្រើប្រាស់ និងសម្រិតសម្រាំងជ្រើសរើសអ្នកជួល ដើម្បីរក្សាភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
ចំពោះត្រីមាសទី៣ ឆ្នាំ២០២៤នេះ ផ្សារទំនើប Elmina Lakeside Mall របស់ក្រុមហ៊ុន Sime Darby Property បានបើកសម្ពោធជាផ្លូវការ ដោយបន្ថែមនូវការផ្គត់ផ្គង់ទីតាំងលក់រាយទំហំ២១៤.០០០ហ្វីតការ៉េ។
ផ្សារទំនើបកំពស់២ជាន់នេះ សម្រេចបានអត្រាគ្របដណ្តប់ការជួល(Occupancy rate) ចំនួន៩៨%។សន្ទុះនៃតម្រូវការទីតាំងលក់រាយ ត្រូវបានជំរុញដោយការកើនឡើងនៃការដើរទិញឥវ៉ាន់ ការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរណ៍ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដូចជាការបើកដំណើរការព្រឹត្តិការណ៍ “Malaysia Mega Sale ឆ្នាំ២០២៤” ជាដើម។
លើសពីនេះ ផ្សារទំនើបធំៗ នៅក្នុងទីក្រុងគូឡាឡាំពួរបានទាក់ទាញ បណ្តាក្រុមហ៊ុនម៉ាកយីហោល្បីៗក្នុងស្រុក និងអន្តរជាតិជាច្រើន និងការពង្រីកទីតាំងលក់រាយរបស់ម៉ាកយីហោលំដាប់ប្រណីតអន្តរជាតិ ម៉ូដសម្លៀកបំពាក់ កីឡា និងម៉ាក F&B ដូចជា ម៉ាក Louis Vuitton ម៉ាក Urban Revivo ម៉ាក Descente ម៉ាក Undefeated ម៉ាក PUMA និងខ្សែសង្វាក់កាហ្វេកាណាដា Tim Hortons ។
អត្រាទីតាំងលក់រាយទំនេរ នៅតំបន់កណ្តាលទីក្រុងគូឡាឡាំពួរ បានធ្លាក់ចុះដល់១១,៣ភាគរយ នៅចន្លោះខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២៤ ដោយសារនិរន្តរភាពនៃតម្រូវការ និងការផ្គត់ផ្គង់ថ្មីនៅមានកម្រិត ខណៈដែលអត្រាទីតាំងលក់រាយទំនេរនៅតំបន់ជាយក្រុង បានថយចុះបន្តិចមកត្រឹម១៨,៣%៕ប្រភព: Real Estate Asia. Com៕