ក្រុមអ្នកធុរកិច្ចក្នុងវិស័យអចលនទ្រព្យដាក់ក្តីសង្ឃឹមទៅលើផែនការរបស់លោកដូណាល់ត្រាំ ក្នុងការបញ្ចុះពន្ធ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យ បានជំរុញឱ្យរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី បន្ធូរបន្ថយការយកពន្ធ និងដាក់ចេញគោលនយោបាយលើកទឹកចិត្តផ្សេងៗ ខណៈទីផ្សារការិយាល័យបន្តស្ថិតក្នុងស្ថានភាពមិនល្អប្រសើរ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Reuters។

ទីផ្សារការិយាល័យនៅសហរដ្ឋអាមេរិកកំពុងតែប្រឈមមុខនឹងការទូទាត់សងប្រាក់យឺតយ៉ាវ បូករួមទាំងការកើនឡើងនៃអត្រាការិយាល័យទំនេរ និងការចំណាយខ្ពស់លើការខ្ចីប្រាក់។

យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មប្រឈមភាពងាយរងគ្រោះនឹងការដំឡើងពន្ធ ដោយសារតែការចំណាយថេរខ្ពស់(Fixed Cost) ដោយមិនគិតពីកម្រិតនៃអត្រាគ្របដណ្តប់ការជួលការិយាល័យនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមអ្នកធុរកិច្ចក្នុងវិស័យអចលនទ្រព្យភាគច្រើនបានបង្ហាញការគាំទ្រចំពោះលោកអតីតប្រធានាធិបតី ដូណាល់ត្រាំ។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះបានប្រកាសពីផែនការកាត់បន្ថយពន្ធជាអចិន្ត្រៃយ៍ ទោះបីជាលោកមិនបានគូសបញ្ជាក់លម្អិតចំពោះវិធានការទាំងនេះយ៉ាងណាក្តី។ ច្បាប់កាត់បន្ថយពន្ធជាច្រើន ដែលត្រូវបានចុះហត្ថលេខាដោយលោកត្រាំកាលពីឆ្នាំ២០១៧ នឹងត្រូវអស់សពុលភាពនៅឆ្នាំក្រោយ។

គិតទល់ពេលនេះ បណ្តាអ្នកធុរកិច្ចក្នុងវិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង និងអចលនទ្រព្យបានចូលរួមបរិច្ចាគថវិកាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ត្រាំចំនួន២៣៤,៩លានដុល្លារ បើធៀបនឹងការបរិច្ចាគថវិកាទៅឱ្យយុទ្ធនាការរបស់លោកស្រី Kamala Harris ចំនួន១១៧លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីកម្មវិធីតាមដានប្រអប់ប្រាក់មូលនិធិនយោបាយ OpenSecrets។

លោកដូណាល់ត្រាំ ក៏បានប្រកាសពីផែនការកាត់បន្ថយអត្រាពន្ធសាជីវកម្មសម្រាប់ផលិតកម្មក្នុងស្រុក ការលើកលែងប្រភេទផ្សេងៗនៃពន្ធលើប្រាក់ចំណូល ការលុបចោលឥណទានពន្ធថាមពលបៃតង និងការដាក់ពន្ធថ្មីដ៏ខ្ពស់លើការនាំចូលទំនិញពីបរទេស។

សមាគមអ្នកអចលនទ្រព្យជាតិ(National Association of Realtors)ក៏បានបរិច្ចាគថវិកាបន្ថែមទៀតដល់យុទ្ធនាការរបស់គណបក្សសាធារណរដ្ឋចំនួន៥,២លានដុល្លារ ធៀបនឹងការបរិច្ចាគថវិកាទៅឱ្យយុទ្ធនាការរបស់គណបក្សប្រជាធិបតេយ្យត្រឹមតែ៣,៩លានដុល្លារប៉ុណ្ណោះ។

លោកស្រី Erin Stackley នាយកទទួលបន្ទុកផ្នែកត្រួតពិនិត្យពាណិជ្ជកម្ម និងគោលនយោបាយនៃសមាគមអ្នកអចលនទ្រព្យជាតិ (NAR) លើកឡើងថា“វាមិនសំខាន់ថា នរណានឹងកាន់កាប់តំណែងកៅអីសេតវិមាននៅខែមករាឆ្នាំក្រោយទេ។ យើងក៏នៅតែត្រូវដោះស្រាយច្បាប់កាត់បន្ថយពន្ធ ដែលនឹងផុតកំណត់នៅចុងឆ្នាំ២០២៥ ហើយយើងចង់រក្សាទុកគោលនយោបាយទាំងនេះ”៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here