លោក ង៉ែត ជូ៖ កំហុសឆ្គង៦យ៉ាង ដែលធ្វើឱ្យការវិនិយោគដីធ្លីមិនទទួលបានភាពជោគជ័យ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ លោក ង៉ែត ជូជា ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់នៃក្រុមហ៊ុន EMC អាចចាត់ទុកជាសេដ្ឋវិទូមួយរូប បានចែករំលែកពីចំណេះដឹងមួយចំនួនពាក់ព័ន្ធនឹងការវិនិយោគដីធ្លី ក្នុងនោះលោកក៏បានបង្ហាញពីកំហុស៦យ៉ាង ដែលធ្វើអោយការវិនិយោគដីធ្លីមិនទទួលបានភាពជោគជ័យ ។

ក្នុងសំណេររបស់លោកង៉ែត ជូ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា កំហុសឆ្គងទាំង៦នោះ មាន
១) ចង់បានផលចំណេញក្នុងរយៈពេលខ្លី ៖ តាមគោលការណ៍គណនេយ្យ ដីធ្លី និងប្រភេទអចលនទ្រព្យទាំងអស់ត្រូវបានចាត់ទុកថាជាទ្រព្យរយៈពេលវែងដែលអាចបង្វិលជាសាច់ប្រាក់វិញក្នុងរយៈពេលយ៉ាងតិច១ឆ្នាំ។
ប៉ុន្តែមានអ្នកវិនិយោគជាច្រើនមិនយល់ពីគោលការណ៍នេះហើយបន្ទាប់ពីវិនិយោគរួចតែងទន្ទឹងចង់បានផលចំណេញភ្លាមៗ។

លោកថា ៖«ជារឿយៗយើងតែងឮពាក្យថា រកស៊ីអចលនទ្រព្យឬដីធ្លីមិនល្អទេព្រោះកប់លុយ។ តាមពិតមិនកប់លុយទេមកពីអ្នកវិនិយោគរំពឹងខុស និងគ្មានផែនការវិនិយោគរយៈពេលវែង»។
កំហុសឆ្គងទី ២) ចង់បានលំហូរសាច់ប្រាក់ (ចំណូល) ពីការវិនិយោគ៖ បន្ថែមលើពេលវេលារយៈពេលវែង ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន អ្នកវិនិយោគខ្លះមានទុនតិចតួចហើយប្រាថ្នាចង់បានលំហូរសាច់ប្រាក់ពីការជួលដី ការណ៍នេះមិនអាចសម្រេចបាននោះទេ។ ទោះបីជួលជាដីទទេ ធ្វើជាឃ្លាំង ឬជាតូបជួល ក៏ត្រូវការដើមទុនយ៉ាងតិចចន្លោះពី១០-២០ម៉ឺនដុល្លាដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំហុសឆ្គងទី ៣) ខ្វះផែនការហិរញ្ញវត្ថុ ៖ ដោយសារតែចង់បានចំណូល និងផលចំណេញរយៈពេលខ្លី អ្នកវិនិយោគជាច្រើនមិនបានធ្វើផែនការហិរញ្ញវត្ថុសំរាប់រយៈពេលវែងនោះទេ។ ការណ៍នេះហើយដែលនាំឱ្យពួកគេធ្លាក់ក្នុងវិបត្តិលំហូរសាច់ប្រាក់ និងឈានដល់ដំណាក់កាលបង្ខំចិត្តលក់ខាតផងក៏មាន។

កំហុងឆ្គងទី ៤) ខ្វះយន្តការទប់ទល់នឹងហានិភ័យ៖ ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន និងរយៈពេលវែង ដូច្នេះអ្នកវិនិយោគត្រូវកំណត់នូវយន្តការនានាដើម្បីទប់ទល់នឹងហានិភ័យដែលកើតឡើងជាយថាហេតុ។ យន្តការរួមមានបង្កើតចំណូលពីប្រភពផ្សេងៗ អភិវឌ្ឍគម្រោងនានា ឬត្រៀមលក់ទ្រព្យសម្បត្តិដែលមិនកើនតម្លៃនាពេលអនាគត។

ចំណែកកំហុសឆ្គងទី ៥) មិនមានចំណេះដឹងគ្រប់គ្រាន់៖ អ្វីដែលបានរៀបរាប់ក្នុងចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលើសុទ្ធតែជាចំណេះដឹងចាំបាច់។ ប៉ុន្តែបន្ថែមលើនេះ អ្នកវិនិយោគត្រូវមានការយល់ដឹងផ្សេងៗទៀតដូចជាប្រភេទដី ទំហំ ទំរង់ ទីតាំង និងលក្ខខណ្ឌច្បាប់នានា។ល។

ជាងនេះទៅទៀតត្រូវមានការយល់ដឹងថាលក្ខខណ្ឌដីបែបហ្នឹង ទំរង់បែបហ្នឹង ទីតាំងបែបហ្នឹង តម្លៃប៉ុណ្ណឹងវាសមនឹងយកទៅអភិវឌ្ឍជាអ្វី? ហើយអ្នកណាជាអតិថិជន? សរុបមក អ្នកវិនិយោគ ត្រូវមានចំណេះដឹងលម្អិត ហើយចាត់ទុកការវិនិយោគជាអាជីពទើបជាការល្អ។ បើវិនិយោគតាមគេតាមឯង ឬទិញដីបន្តិចបន្តួចទុកយកចំណេញ នោះឱកាសជោគជ័យមានតិចណាស់។

ដោយឡែកសម្រាប់កំហុសឆ្គងទី ៦) ខ្វះព័ត៌មាន ។ ត្រង់ចំណុចនេះលោកចង់សំដៅថា នៅក្នុងការវិនិយោគវិស័យដីធ្លីក៏ដូចជាការធ្វើអាជីវកម្មនានាដែរ ទាមទាអោយអ្នកមានព័ត៌មានគ្រប់ជ្រុងជ្រោយ។
ដូចជាស្ថានភាពតំរូវការ និន្នាការទីផ្សារ តម្លៃ ទីតាំងភូមិសាស្ត្រ ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន គំរោងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័នានា។ល។ ដូច្នេះ អ្នកត្រូវផ្តោតការវិនិយោគតែលើតំបន់ដែលអ្នកអាចក្តោបបានព័ត៌មានគ្រប់ជ្រុងជ្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here