គុណសម្បត្តិ​ចំនួន៧ដែល​សហគ្រិន​ត្រូវ​អនុវត្តន៍​ដើម្បី​ជោគជ័យ​លើ​អាជីវកម្ម

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ការចាប់ផ្តើម​អាជីវកម្ម​មួយ មិនមែនជា​រឿង​លំបាក​ខ្លាំង​នោះទេ ប៉ុន្តែ​ដើម្បី​ឲ្យ​អាជីវកម្ម​ទទួលបាន​ជោគជ័យ និង​រីក​ធំធាត់ ពិតជា​មានរ​ឧង​ជាច្រើន​ដែល​សហគ្រិន​ត្រូវ​ឆ្លងកាត់ និង​ប្រឈម។

ហេតុនេះ​តើ​សហគ្រិន​គួរ​សិក្សា​លើ​បញ្ហា​អ្វីខ្លះ និង​បំពេញបន្ថែម​អ្វីខ្លះ ដើម្បី​ទទួលបាន​ជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្ងៃនេះ​គេហទំព័រ Cambodiafinancilatimes.com និង Facebook Page ឈ្មោះ Cambodia Financial Times សូម​លើកយក​ចំណុច​មួយចំនួន ដើម្បី​ពិភាក្សា​និង​សិក្សា​ស្វែងយល់​ទាំងអស់គ្នា។

គម្រោង​អាជីវកម្ម

ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​អាច​ដើរ​ទៅមុខ​ដោយ​ភាពរឹងមាំ និង​រយៈពេល​យូរអង្វែង ចាំបាច់​ត្រូវតែ​គម្រោង​អាជីវកម្ម​មួយ ដែលមាន​ភាពច្បាស់លាស់ និង​ចក្ខុវិស័យ​ត្រឹមត្រូវ ទោះបីជា​អាជីវកម្ម​នោះ​ចាប់ផ្តើម​ពី​តូច​ឬ​ធំ​ក៏ដោយ។

ប៉ុន្តែ​សហគ្រិន​មួយចំនួន​បានចាប់ផ្តើម​អាជីវកម្ម ដោយ​គ្មាន​គំរោង​ផែនការ​នោះទេ ពិសេស​ពួកគេ​ធ្វើ​បណ្តើរ​សិក្សា​បណ្តើរ ដោះស្រាយ​បញ្ហា​ប្រឈម​បណ្តើរ។

សេចក្តីស្រលាញ់​និង​ឆន្ទៈ

សហគ្រិន​ខ្លះ​ធ្វើ​អាជីវកម្ម​មិនមែន​ព្រោះតែ​ខ្លួន​ចូលចិត្ត ឬ​ស្រលាញ់​នូវ​មុខរបរ​នោះទេ ប៉ុន្តែ​គេ​គ្រាន់តែ​សំឡឹង​ឃើញ​ប្រាក់ចំណេញ រយៈពេល​ខ្លី​តែប៉ុណ្ណោះ។ ការដែល​គ្មាន​ឆន្ទៈ និង​សេចក្តី​ពេញចិត្ត​ក្នុង​កិច្ចការ​នោះ​ពិតប្រាកដ​នេះហើយ ទើប​ធ្វើ​ឲ្យ​សហគ្រិន​បរាជ័យ​ភាគច្រើន គ្មាន​កម្លាំង​ជម្រុញ​ណាមួយ ដែល​នាំ​គេ​ឆ្ពោះទៅរក​ភាពជោគជ័យ។

យ៉ាងណា​ការធ្វើការ​ដោយ​ខ្វះ​សេចក្តីស្រលាញ់ និង​គ្មាន​ឆន្ទៈ​ពិតប្រាកដ ពេល​ជួប​ឧបសគ្គ​បន្តិចបន្តួច​ពួកគេ​ងាយ​នឹង​បោះបង់​ខ្លាំងណាស់។
ចក្ខុវិស័យ​និង​ជំនាញ 

ការចាប់ផ្តើម​អាជីវកម្ម ដោយ​មិនមាន​ជំនាញ​ច្បាស់លាស់ ទៅលើ​ប្រភេទ​អាជីវកម្ម​ដែល​ខ្លួន​ធ្វើ​នោះទេ ដូចជា​យល់ដឹង​ជា​លក្ខណៈ​បច្ចេកទេស ការគ្រប់គ្រង ឬ​ភាពជា​អ្នកដឹកនាំ​ជាដើម ជា​បញ្ហា​ដ៏​ចម្បង​ធ្វើ​ឲ្យ​សហគ្រិន​ថ្មីថ្មោង មិនអាច​គិត​បាន​ស៊ីជម្រៅ​ទៅលើ​ដំណើរការ​អាជីវកម្ម​ដែល​គេ​កំពុងតែ​ធ្វើ ហើយក៏​ដូចជា​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​អាជីវកម្ម ដែល​គេ​កំពុង​នឹង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​និង​ពេលអនាគត។

ជំនាញ​ទន់​និង​ជំនាញ​លក់

ម្ចាស់​អាជីវកម្ម​ដែល​អាច​ជោគជ័យ​ទៅបាន ពិតជា​ត្រូវ​ការជំនាញ​ទន់​ឬ​ជំនាញ​ទំនាក់ទំនង​ជាមួយ​សង្គម​អ្នកជំនួញ និង​ត្រូវ​យល់ដឹង​ឲ្យ​បាន​ត្រឹមត្រូវ​ពីអ្វី​ទៅជា​អតិថិជន​គោលដៅ និង​មិន​គោលដៅ​នៃ​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន។ ដោយសារតែ​ការមិនអាច​កំណត់​បានច្បាស់លាស់​នេះហើយ ដែលជា​ហេតុផល​នៃ​ការបរាជ័យ​មួយ ព្រោះ​មិនមាន​ជំនាញ​ទំនាក់ទំនង ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​រក្សា​អតិថិជន​របស់ខ្លួន មិនដឹង​ពី​ចំណុចខ្លាំង​ខ្សោយ​របស់​ខ្លួនឯង និង​គូប្រជែង។

ភាព​តស៊ូ​និង​ការអត់ធ្មត់

សហគ្រិន​មួយចំនួន​ឆាប់​រាថយ ខ្វះ​ការតស៊ូ​ណាស់ គ្រាន់តែ​ពួកគេ​ជួប​ការលំបាក​និង​បញ្ហា​បន្តិចបន្តួច ក៏​បោះបង់​ពាក់​កណ្តាលផ្លូវ​បាត់ទៅហើយ ដែល​តាមពិត​ការធ្វើ​សហគ្រិន​មិនមែនជា​រឿង​ងាយស្រួល ដេកចាំ​យកលុយ​នោះឡើយ។

នៅពេល​ពួកគេ​គ្មាន​ភាព​អត់ធ្មត់​គ្រប់គ្រាន់ ក្នុងការ​អនុវត្តន៍៍​ឲ្យ​បាន​នូវ​សកម្មភាព​គោលដៅ ពួកគេ​មិនអាច​ទទួលបាន​ជោគជ័យ។

ភាពជា​អ្នកដឹកនាំ

ជា​អ្នកដឹកនាំ​អ្នក​ត្រូវតែ​ពូកែ​បត់បែន អត់ធ្មត់ និង​ចេះ​ប្រើប្រាស់​មនុស្ស​ឲ្យ​ចំ​គោលដៅ។ ពិសេស​អ្នក​ត្រូវ​ដឹងថា តើ​មនុ​ស្សណា​ពូកែ​ប្រើប្រាស់​ខួរក្បាល ឬ​ប្រើ​កម្លាំង។ ប្រភេទ​មនុស្ស​ដែល​ឈ្លាសវៃ​ក្នុង​ការគិត ជា​ប្រភេទ​មនុស្ស​ដែលមាន​ការគិត​បែប​ស៊ីជម្រៅ គឺ​ពួកគេ​នេះហើយ ដែល​អាចជួយ​ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ ការផ្លាស់ប្តូរ ឬ​ការបង្កើត​ថ្មី​នៅលើ​ផលិតផល​មួយ ។

គ្រប់គ្រង​ហិរញ្ញវត្ថុ​និង​លំហូរ​សាច់ប្រាក់

ម្ចាស់ ឬ​អាជីវកម្ម​ដែល​ដួលរលំ​ភាគច្រើន ដោយសារតែ​ការខ្វះ​ចំណេះដឹង​ចាត់ចែង និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​នេះឯង។

ឧទាហរណ៍ ពួកគេ​មិនអាច​គ្រប់គ្រង​ហ្មត់ចត់​រវាង​លុយ ដែល​ដាក់​ដើមទុន​ផ្ទាល់​ក្នុងការ​រកស៊ី និង​លុយ​ដែល​ខ្ចី​គេ​មករក​ស៊ី​ជាដើម។ មួយវិញទៀត ទុនបម្រុង​ដែល​ត្រូវ​ប្រើ​ឲ្យ​បាន​រយៈពេល៦ខែ គេ​បែរជា​ចាយ​ពេល​តែ២ ទៅ៣ខែ​ក៏​អស់​ទុនបម្រុង​បាត់ទៅហើយ។

ជាងនេះទៅទៀត អ្នកធ្វើអាជីវកម្ម​ជំពូក​នេះ មិនមាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់ ហើយក៏​មិនមាន​ទំនួល​ខុសត្រូវ ទៅលើ​លុយ​ដែល​ខ្ចី​គេ​យកមក​រកស៊ី​នោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here