សម្ដេចតេជោ៖ បណ្ឌិតសាស្ត្រាចារ្យ និងអ្នកប្រាជ្ញល្បីៗ កម្រក្លាយជាសេដ្ឋីណាស់

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ជាការកត់សម្គាល់នៅលើពិភពលោក និងប្រទេសកម្ពុជាផងដែរឃើញថា បណ្ឌិត សាស្ត្រាចារ្យ អ្នកប្រាជ្ញល្បីៗ កម្របានក្លាយជាសេដ្ឋីណាស់ បើមានក៏មានតិចតួចបំផុត តែបែរជាកូនសិស្សរបស់គេបានក្លាយជាសេដ្ឋីទៅវិញ។ នេះជាប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ បានមានប្រសាសន៍បែបនេះក្នុងពេលសម្ដេចចុះពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១៤ កក្កដា ២០២០។ សម្ដេចបន្តថា គ្រូរបស់សេដ្ឋីធំៗលើពិភពលោក ដូចជា គ្រូរបស់ប៊ីលហ្គេត លីកាស៊ីង និងមហាសេដ្ឋីធំៗជាច្រើនទៀត គេមិនដឹងថាជាអ្នកណាទេ ហើយក៏មិនដែលចេញមុខមកថា ពួកគេជាគ្រូរបស់មហាសេដ្ឋីដែរ តែកូនរបស់ពួកគេបែរជាក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកទៅវិញ។

បើតាមន័យរបស់សម្ដេចតេជោគឺចង់បង្ហាញនិងជំរុញឱ្យអ្នកបច្ចេកទេសក្នុងវិស័យកសិកម្មត្រូវចុះបង្រៀនអប់រំដល់កសិករ ម្ចាស់ចំការ ម្ចាស់កសិដ្ឋាន និងកុំខ្វល់ជាមួយនឹងពាក្យដែលគេនិយាយថា ពួកអ្នកបច្ចេកទេសទាំងនោះទៅបង្រៀនគេទាំងដែលខ្លួនឯងគ្មានចំការ គ្មានកសិដ្ឋានផ្ទាល់ខ្លួននៅឡើយ។ បើចង់បង្រៀនគេបណ្ដុះបណ្ដាលគេ ត្រូវមានរបស់ខ្លួនជាឯងសិន។ ត្រង់ចំណុចនេះ ការផ្ដល់ចំណេះដឹងគឺមានសារសំខាន់ណាស់ សម្រាប់ជាដើមទុនក្នុងការរកស៊ី និងធ្វើអាជីវកម្ម វាប្រសើរជាការផ្ដល់នូវសម្ភារៈនិងរបស់របរធ្វើដើមទុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

មិនខុសគ្នានោះទេ លោកឧកញ៉ា គួច ម៉េងលី ក៏បានមានប្រសាសន៍កន្លងទៅនេះថាអ្នកមាន សេដ្ឋីធំៗគេបានសិក្សាពីអ្នកជុំវិញខ្លួនច្រើនណាស់ ហើយអ្នកមានខ្លះគេបានអភិវឌ្ឍន៍ខ្លួនគេតាំងពីការងារតូចតាច មុខតំណែងតូចតាច ជាបុគ្គលិកធម្មតា ដើម្បីអោយដឹងពីការងារបុគ្គលិក និងអត្តចរឹករបស់បុគ្គលិក ទើបគេសម្រេចការងារធំបាន ។

ប៉ុន្តែកូនអ្នកមានខ្លះដែលមានទ្រព្យសល់ពីឪពុកម្ដាយ ដោយមិនបានរៀនអ្វីទាល់តែសោះគិតពីដើរលេង ហើយដល់ពេលឪពុកម្ដាយអោយកាន់ការងារ កាន់មុខរបរក៏មិនអាចដឹកនាំបាន មិនយូរប៉ុន្មានអាជីវកម្មនោះក៏ដួលហើយថែមទាំងជំពាក់គេទៀតផង ។ នេះដោយសារតែគ្មានបទពិសោធន៍គ្មានជំនាញទោះមានលុយក៏មិនអាចក្លាយជាសេដ្ឋីយូរអង្វែងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here