ទំហំនៃការវិនិយោគលើកំពង់ផែរបស់ពិភពលោករំពឹងហក់ឡើងដល់ជាង២ទ្រីលានដុល្លារអាមេរិក

ទំហំនៃការវិនិយោគលើកំពង់ផែរបស់ពិភពលោករំពឹងហក់ឡើងដល់ជាង២ទ្រីលានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្នុងរយៈពេលជាច្រើនសតវត្សកន្លងមក ការគ្រប់គ្រងកំពង់ផែ ជាមជ្ឈមណ្ឌលដឹកជញ្ជូន ដ៏ធំបំផុតរបស់ពិភ​ព​លោក បានជួយបន្ធូរបន្ថយភាពក្រីក្រ និងកសាងវណ្ណៈកណ្តាល និងអនុញ្ញាតឱ្យក្រុមហ៊ុនអន្តរជាតិ មានឱកាសស្វែងរកកម្លាំងពលកម្មក្នុងតម្លៃថោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំពង់ផែសមុទ្រ បានវិវត្តន៍ពីប៉ុស្តិ៍ពាណិជ្ជកម្ម និងមូលដ្ឋានទ័ពជើងទឹក ជាកាតាលីករសេដ្ឋកិច្ច ស្របពេលមានការធ្វើសកលភាវូបនីយកម្ម។ កំពង់ផែក្លាយជាផ្លូវប្រសព្វដ៏សំខាន់ ក្នុងការសម្រួលលំហូរថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវដែក ស្ថានីយ៍ថាមពល បណ្តុំផលិតកម្មឧស្សាហកម្ម ឃ្លាំង និងការចែកចាយ។

បច្ចុប្បន្ន កំពង់ផែពាណិជ្ជកម្មសមុទ្រទាំងចាស់ និងថ្មី គ្រប់​គ្រងចំណែក៨០% នៃទំហំពាណិជ្ជកម្មប្រចាំឆ្នាំ របស់ពិភពលោ​កចំនួន២៥ទ្រីលានដុល្លារ ហើយកំពង់ផែជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ស្របពេលមានការប្រជែងអំណាច នៅក្នុងពិភពលោកពហុប៉ូល។

ជាមួយគ្នានេះ កំពង់ផែនានានៅលើពិភពលោក កំពុងត្រូវបានបំពាក់ដោយ បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថាមពលបៃតង ក្រោមទុនវិនិយោគថ្មីៗ ប្រហែល២១៦ពាន់លានដុល្លារក្នុងមួយឆ្នាំ និងទុនសរុបចំនួន២,២២ទ្រីលានដុល្លារក្នុងទសវត្សរ៍ក្រោយ។

លោក Peter de Langen ម្ចាស់ក្រុមហ៊ុន Ports & Logistics Advisory ដែលមានមូលដ្ឋាននៅ ប្រទេសអេស្ប៉ាញបានលើកឡើងថា “បច្ចុប្បន្ន យើងមើលឃើញកាន់តែច្បាស់ថា កំពង់ផែក្លាយជាកូនអុកភូមិសាស្ត្រនយោបាយ”។

ជាក់ស្ដែង ប្រធានាធិបតីចិន លោកស៊ី ជីនពីង ធ្លាប់បានមានប្រសាសន៍ឱ្យដឹងថា  “នៅលើមាគ៌ាឆ្ពោះទៅរកវិបុលភាព ប្រជាជាតិមួយ ត្រូវតែសាងសង់កំពង់ផែជាមុនសិន”។

ក្រុមអ្នកជំនាញអះអាងថា ឋានៈរបស់ប្រទេសចិនជារោងចក្ររបស់ពិភពលោក នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានតួនាទីរបស់កំពង់ផែសមុទ្រ។ ក្នុងចំណោមកំពង់ផែកុងតឺន័រធំបំផុតទាំង១០ របស់ពិភពលោក កំពង់ផែចំនួន៧ មានទីតាំងស្ថិតនៅប្រទេសចិន។ នេះបើយោងតាមការវាយតម្លៃចំណាត់ថ្នាក់ចុងក្រោយពីសារព័ត៌មាន Lloyd’s List។

កំពង់ផែខ្នាតយក្សShenzhen នឹងក្លាយជាក្តីបារម្ភក្នុងចំណោ​ម គូប្រជែងរបស់ប្រទេសចិន ស្របពេលថ្មីៗនេះចិន បានក្លាយជាប្រទេសនាំចេញ រថយន្តច្រើនជាងគេបំផុតរបស់ពិភពលោក។ ការណ៍នេះ បានធ្វើឱ្យគូប្រជែងព្រួយបារម្ភអំពីការបាត់ប​ង់ការងារ នៅក្នុងវិស័យផលិតកម្មរបស់ពួកគេ។

ទន្ទឹមនឹងកំណើននៃការដោះដូរពាណិជ្ជកម្ម តាមច្រកផ្លូវសមុទ្រ ប្រទេសឥណ្ឌាគ្រោងចាក់បំពេញដី ដើម្បីសាងសង់កំពង់ផែដ៏ធំបំផុត ជ្រៅបំផុត និងថ្លៃបំផុតក្នុងទីក្រុង Wadhvan នៃរដ្ឋ Gujara។

កំពង់ផែនេះ នឹងមានចំណតកុងតឺន័រចំនួន៩ និងមានចំណ​តពិសេសសម្រាប់ដឹកទំនិញ ដូចជា កង់ និងវត្ថុរាវ និងចំណតឆ្មាំឆ្នេរសមុទ្រ ព្រមទាំងមានសមត្ថភាពផ្ទុកទំនិញ​២៣លាន​កុងតឺន័រ។ ការសាងសង់គ្រោងបញ្ចប់​ នៅ​ចុង​ទសវត្សរ៍​នេះ ក្រោមទុនវិនិយោគ៩ពាន់​លាន​ដុល្លារ​​៕ប្រភព:Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here