អ្នកជំនាញ៖ ការបង់រំលស់ទ្រព្យមានគុណវិបត្តិបួនយ៉ាង

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ នៅពេលបច្ចុប្បន្ន សេវាកម្មបង់រំលស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា កំពុងមានសកម្មភាពនិងកំណើនគួរឱ្យកត់សម្គាល់ ហើយអ្នកប្រើប្រាស់សេវាកម្មនេះកាន់តែច្រើនរួមទាំងអ្នកផ្ដល់សេវាក៏កាន់តែប្រសើរ។

បើតាមអ្នកជំនាញហិរញ្ញវត្ថុនិងផ្ដោតលើវិស័យភតិសន្យាហិរញ្ញវត្ថុ បានឱ្យដឹងថា ការបង់រំលស់មានគុណវិបត្តិ៤យ៉ាងក៏ប៉ុន្តែក៏មានគុណសម្បត្តិជាច្រើនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកប្រាវ សុខម៉ីនាយកប្រតិបត្តិអាជីវកម្មភតិសន្យាហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានឱ្យដឹងថា វិស័យបង់រំលស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា ជាវិស័យមួយដែលថ្មី ហើយដោយសារតែវាជាវិស័យថ្មី ដូច្នេះតម្រូវការបង់រំលស់ពីសំណាក់ប្រជាជនកម្ពុជាក៏មានច្រើនដែរ ដែលរបត់នេះវិស័យនេះវាមានភាពលឿនរហ័ស ជាក់ស្ដែងក្រុមហ៊ុនផ្ដល់សេវាកម្មបែបនេះ គឺបានកើនឡើងខ្ពស់ តាំងពីអត់មានសោះរហូតដល់រាប់រយលានដុល្លារនៅលើទីផ្សារ និងមានស្ថាប័នច្រើនផ្ដល់សេវាបង់រំលស់។

លោកបន្តថា កត្តាដែលនាំឱ្យមានការរីកចម្រើន ដោយសារតែវាជាប្រភេទផលិតផលថ្មីនៅក្នុងទីផ្សារហិរញ្ញវត្ថុ ។ មួយទៀតដោយសារតែវាមានអ្នកផ្គត់ផ្គង់សេវាកម្មនេះច្រើន ហើយប្រជាជនដែលមានតម្រូវការសេវាកម្មបែបនេះ មានខ្ពស់ព្រោះវាមិនចំណាយច្រើនក្នុងការទទួលបានទ្រព្យអ្វីដែលចង់បាន ហើយគ្រាន់តែបង់រំលស់ប្រចាំខែនូវទឹកប្រាក់បន្តិចម្ដងត្រលប់ទៅវិញ ។ អ្វីដែលពិសេសនោះ គឺសេវាកម្មនេះ វាមានភាពងាយស្រួលក្នុងការទទួលយកទាំងអ្នកផ្ដល់សេវានិងអ្នកទទួលសេវា ។

លោកបន្ថែមថា សម្រាប់សេវាភតិសន្យាហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្ននេះភាគច្រើន ធ្វើតែទៅលើចលនវត្ថុប៉ុណ្ណោះ ដូចជារថយន្ត ម៉ូតូ ឬសម្ភារផ្សេងៗទៀត តែសម្រាប់កម្ចីគឺធនាគារនិងមីក្រូហិរញ្ញវត្ថុ គឺអាចធ្វើបានគ្រប់បែបទាំងកម្ចីទិញអចលនទ្រព្យ កម្ចីសម្រាប់ធ្វើដើមទុនបង្កើតអាជីវកម្ម ជាដើម។

លោកបញ្ជាក់ថា ទន្ទឹមនឹងមានគុណសម្បត្តិច្រើន សេវានេះ ក៏មានគុណវិបត្តិផងដែរ លោកបានលើកឡើងពីគុណវិបត្តិ៤យ៉ាងនៃសេវាបង់រំលស់ទ្រព្យ ។ បើសិនជាទ្រព្យដែលបង់រំលស់នោះ មិនបានផ្ដល់ប្រយោជន៍ដល់អ្នកប្រើសេវាបង់រំលស់នោះវានឹងធ្វើឱ្យអ្នកបង់រំលស់ជួបវិបត្តិហិរញ្ញវត្ថុ។

លោក បានឱ្យដឹងទៀតថា មួយវិញទៀត បើសិនជាអតិថិជន ទិញបង់រំលស់ ក្រុមហ៊ុនផ្ដល់សេវាកម្មតម្រូវឱ្យអតិថិជនត្រូវបំពេញ បែបបទនិងត្រូវបង់មុនក្នុងកម្រិតណាមួយ និងមានការប្រាក់ដូច្នេះ គាត់ត្រូវបង់តម្លៃលើសពីតម្លៃដែលបង់ផ្ដាច់។ ម្យ៉ាងវិញទៀតការប្រើប្រាស់របស់ដែលទិញបង់រំលស់ក៏ត្រូវមានព្រំដែនទៅតាមការកំណត់របស់ក្រុមហ៊ុន ។

អ្វីដែលសំខាន់មួយទៀតនោះ អ្នកបង់រំលស់របស់អ្វីមួយ ត្រូវចំណាយពេលវេលាច្រើនជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្ម ដើម្បីឱ្យក្រុមហ៊ុនផ្ដល់សេវាបានមើលទ្រព្យរបស់គេនិងធានាថាទ្រព្យនៅមានលក្ខណៈល្អ ឬបាត់ទ្រង់ទ្រាយណាដែរទេ ទំរាំដល់ថ្ងៃបង់ផ្ដាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here