ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិដោយសារពត៌មាន Reuters បង្ហាញថា ក្រុមសេដ្ឋវិទូរាប់រយនាក់មានសុទិដ្ឋិនិយមខ្ពស់អំពីទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ និងឆ្នាំ២០២៥ខាងមុខ។ ប៉ុន្តែ បញ្ហាអតិផរណានៅតែទាមទារការយកចិត្តទុកដាក់។
ធនាគារកណ្តាលធំៗភាគច្រើននៅលើពិភពលោកបានទទួលជោគជ័យក្នុងការទប់ទល់នឹងការហក់ឡើងអត្រាអតិផរណាកាលពីឆ្នាំមុន តាមរយៈការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស។ ប៉ុន្តែ ភាពធន់នៃសេដ្ឋកិច្ចសកល ទីផ្សារការងាររឹងមាំ និងកំណើនប្រាក់ឈ្នួល បានបង្កហានិភ័យ និងអាចជំរុញឱ្យសម្ពាធតម្លៃទំនិញកើនឡើងជាថ្មីម្តងទៀត។
ការស្ទង់មតិបង្ហាញថា សេដ្ឋវិទូចំនួន១១៤រូបក្នុងចំណោមសេដ្ឋវិទូសរុបទាំង២០២រូប បានលើកឡើងថា អតិផរណាអាចនឹងមានកម្រិតខ្ពស់ជាងការព្យាករណ៍ពីមុនរបស់យើងក្នុងរយៈពេលនៅសេសសល់ក្នុងឆ្នាំនេះ។
លោក James Rossiter ប្រធានយុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ចពិភពលោកនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “ហានិភ័យកំពុងកើនឡើង ជាពិសេសតម្លៃទំនិញស្នូលសកល ខណៈតម្លៃដឹកជញ្ជូនកំពុងស្ថិតកៀកនឹងកម្រិតចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២២”។
នៅពេលសាកសួរថា តើអត្រាអតិផរណាស្នូលណាខ្លះនឹងមានភាពតានតឹងបំផុតសម្រាប់ឆ្នាំ២០២៤ សេដ្ឋវិទូចំនួន៥៦រូប បានឆ្លើយតបថា សេវាកម្ម កន្លែងស្នាក់នៅ និងការជួល។
សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងកើនឡើង៣,១ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់២,៩ភាគរយ និង៣ភាគរយនៅក្នុងការស្ទង់មតិកាលពីខែមេសា។ តួលេខនេះមានភាពប្រហាក់ប្រហែលនឹងការព្យាករណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។
ប៉ុន្តែ ទោះបីជាទស្សនវិស័យសេដ្ឋកិច្ចពិភពលោកមានសញ្ញាល្អប្រសើរឡើងយ៉ាងណាក្តី ក៏ធនាគារកណ្តាលជាច្រើននៅតែត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអត្រាការប្រាក់យ៉ាងតិចបំផុតចំនួន២ដងនៅចុងឆ្នាំនេះ។
លោក Douglas Porter ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន BMO Capital Markets លើកឡើងថា “រឿងធំសំខាន់ស្ថិតនៅត្រង់ថា កំណើនសេដ្ឋកិច្ចនៅទូទាំងពិភពលោកអាចបន្តដំណើរការទៅមុខ ទោះជាប្រឈមមុខនឹងភាពតានតឹងជាច្រើន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងរយៈពេលពីរកន្លងមក”។
សុទិដ្ឋិនិយមទាំងនេះខុសផ្ទុយស្រឡះពីការព្រួយបារម្ភកាលពីដើមឆ្នាំ២០២៤ថា តើសេដ្ឋកិច្ចអាមេរិកនឹងអាចឆ្លងផុតការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយរបៀបណា។ យ៉ាងណាមិញ ការព្រួយបារម្ភអំពីសេដ្ឋកិច្ចចិននៅតែមានក្នុងគំនិតរបស់ក្រុមសេដ្ឋវិទូ។
ការស្ទង់មតិបានបង្ហាញទៀតថា ក្នុងចំណោមធនាគារកណ្តាលធំៗ ក្រុមសេដ្ឋវិទូរំពឹងថា ធនាគារកណ្តាលអាមេរិក (Federal Reserve) និងធនាគារកណ្តាលអង់គ្លេស (Bank of England) គ្រោងកាត់បន្ថយអត្រាការប្រាក់ចំនួន២ដងក្នុងឆ្នាំនេះ ហើយធនាគារកណ្តាលអឺរ៉ុប(ECB) អាចនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន៣ដង៕
ប្រភព: Reuters