តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃសុក្រនេះ ខណៈសញ្ញាវិជ្ជមានអំពីសូចនាករសេដ្ឋកិច្ចអាមេរិក អាចជះឥទ្ធិពលលើទំហំនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)នៅក្នុងខែកញ្ញាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៧%ដល់២៤៥១,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២%ដល់២៤៨៩,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៤៥៦,១០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៤៩២,៤០ដុល្លារក្នុងមួយអោន។

យោងតាមការិយាល័យជំរឿនរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើង១ភាគរយ កាលពីខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះធ្លាក់ចុះ០,២% នៅក្នុងខែមិថុនា។ ការណ៍នេះអាចផ្តល់សន្ទុះដល់ទស្សនវិស័យសេដ្ឋកិច្ចអាមេរិក។

ដោយឡែក យោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិកបានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើមានចំនួន២២៧.០០០នាក់កាលពីសប្តាហ៍មុន។តួលេខនេះជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារការងារអាមេរិក បើធៀបនឹងការរំពឹងទុកចំនួន២៣៥.០០០នាក់។

បច្ចុប្បន្ន ទីផ្សារបន្តសម្លឹងឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃបន្តិចមកនៅត្រឹម១០២,៩៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៩៨ពិន្ទុកាលពីម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨%ដល់២៨,១៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៧៦%ដល់៩៥៧,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២០%ដល់៩៣៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here