ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារក្តីសង្ឃឹមលើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed អាចជំរុញសកម្មភាពសេដ្ឋកិច្ច និងតម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក។
តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១៧សេនដល់៧៩,៩៣ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0029 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង២៣សេនដល់៧៧,២១ដុល្លារក្នុងមួយបារ៉ែល។
យោងតាមក្រសួងការងារអាមេរិកបានរាយការណ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)របស់សហរដ្ឋអាមេរិកបានកើនឡើងស្របតាមការរំពឹងទុកក្នុងរង្វង់០,២ភាគរយកាលពីខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះ០,១ភាគរយនៅក្នុងខែមិថុនា។
បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់១០២,៦៣ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៥៧ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទិន្នន័យបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅត្រីមាសទី២បានកើនឡើងលើសពីការរំពឹងទុកក្នុងអត្រាប្រចាំត្រីមាស០,៨ភាគរយ បើធៀបនឹងការព្យាករណ៍ត្រឹមតែ០,៥ភាគរយ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន០,១១ភាគរយ គិតត្រឹមម៉ោង១០:៤២នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,០១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៤៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ១,១៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ១,០៤ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៣០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨៨ភាគរយ៕