ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈសញ្ញាវិជ្ជមានអំពីអត្រាអតិផរណារបស់សហរដ្ឋអាមេរិកអាចលើកទឹកចិត្តឱ្យធនាគារកណ្តាលអាមេរិក (Fed)បញ្ចុះអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំប្រចាំខែកញ្ញាខាងមុខ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៨%ដល់២៤៥១,៩៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤២%ដល់២.៤៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៤៤៧,៦៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៤៧៩,៧០ដុល្លារក្នុងមួយអោន។
យោងតាមក្រសួងការងារអាមេរិកបានរាយការណ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)របស់សហរដ្ឋអាមេរិកបានកើនឡើងស្របតាមការរំពឹងទុកក្នុងរង្វង់០,២ភាគរយកាលពីខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះ០,១ភាគរយនៅក្នុងខែមិថុនា។
បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់១០២,៦៣ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៥៧ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៤៣%ដល់២៧,៧៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៥៣%ដល់៩៣៤,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៥៧%ដល់៩២៨ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក៕