ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីមានការព្យាករណ៍ថា ស្តុកប្រេងឆៅ និងប្រេងសាំងរបស់អាមេរិកបានថយចុះកាលពីសប្តាហ៍មុន គួបផ្សំនឹងក្តីបារម្ភអំពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលអាចកាត់បន្ថយការផ្គត់ផ្គង់ប្រេងនៅលើពិភពលោក។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣០សេនដល់៨០,៩៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0009 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៣៨សេនដល់៧៨,៧៣ដុល្លារក្នុងមួយបារ៉ែល។
សន្ទស្សន៍តម្លៃផលិតករ(PPI) ដែលជាសូចនាករអតិផរណានៃតម្លៃទំនិញបោះដុំលក់នៅសហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ០,១ភាគរយប៉ុណ្ណោះក្នុងខែកក្កដា បើធៀបនឹងការព្យាករណ៍ចំនួន០,២ភាគរយ។
បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងវិញបន្តិចដល់១០២,៦៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីដាំក្បាលចុះ ក្នុងពេលបិទការជួញដូរត្រឹម១០២,៥៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
ចំណែក ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីនាយករដ្ឋមន្ដ្រីជប៉ុនលោក Fumio Kishida បានប្រកាសមិនចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានគណបក្សកាន់អំណាចសព្វថ្ងៃរបស់លោក នៅខែកញ្ញាខាងមុខ។ នេះមានន័យថា លោកក៏ត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីផងដែរ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន០,៥៦ភាគរយ គិតត្រឹមម៉ោង១០:៤១នាទីព្រឹក។
យ៉ាងណាមិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,២៩ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៥០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៥ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៨ភាគរយ៕