តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) និងការលក់រាយរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៥%ដល់២៤២៧,២៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣២%ដល់២៤៦៥,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា លោក Zain Vawda អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន MarketPulse បានអះអាងថា “ក្នុងរយៈពេលមធ្យម ទស្សនវិស័យសម្រាប់ហាងឆេងមាសនៅតែមានសញ្ញាវិជ្ជមាន ហើយតម្លៃមាសនឹងធ្លាក់ចុះក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែកត្តាម៉ាក្រូសេដ្ឋកិច្ច”។

បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៣,២៣ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,១៤ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៧៥%ដល់២៧,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៣%ដល់៩២៨,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ paladium បានធ្លាក់ចុះ០,៣២%ដល់៨៩៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣១នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here