តម្លៃប្រេងបានធ្លាក់់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃសុក្រនេះ ប៉ុន្តែតម្លៃប្រេងអាចនឹងកើនឡើងជាង៣ភាគរយក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍ ដោយសារការភ័យខ្លាចនៃការរីករាលដាលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ៩សេន មកត្រឹម៧៩,០៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0030 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures បានធ្លាក់ចុះ១សេនមកត្រឹម៧៦,០៩ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានោះ ទិន្នន័យបានបង្ហាញថា ចំនួនប្រជាពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាលក្នុងអំឡុងពេលគ្មានការងារធ្វើ មានសរុបចំនួន២៣៣.០០០នាក់ កាលពីសប្តាហ៍មុន បើធៀបនឹងការព្យាករណ៍ចំនួន២៤០.០០០នាក់។ ការណ៍នេះបានបន្ធូរបន្ថយការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចអាមេរិក។

បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៣,១៨ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,២១ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃយ៉ាងគំហុកនៅព្រឹកថ្ងៃសុក្រនេះ ដែលជំរុញដោយតម្លៃភាគហ៊ុននៅលើទីផ្សារ Wall Street បន្ទាប់ពីទិន្នន័យទីផ្សារការងារថ្មី បានជួយស្តារទំនុកចិត្តរបស់វិនិយោគិនលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន១,៧៥ភាគរយ គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៥៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ១,៨៦ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,១២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ១,២៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៤៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here