តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់ប្រេងនៅតំបន់មជ្ឈិមបូព៌ាមាន បន្ទាប់ពីអុីស្រាអែលបានសម្លាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធ Hamas និងក្រុម Hezbollah កាលពីសប្តាហ៍មុន។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៣សេនដល់៧៨,៥៦ដុល្លារ  ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0017 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង២៩សេនដល់៧៥,៥២ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៣,០៩ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,២០ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ការ​នាំ​ចេញ​ទំនិញរបស់​ប្រទេសចិន​បាន​កើន​ឡើង​ក្នុង​ល្បឿន​យឺត​បំផុត​មិនធ្លាប់មានក្នុង​រយៈ​ពេល​៣ខែ​កាលពីខែ​កក្កដាកន្លងទៅ។

ជាក់ស្ដែង ការនាំចេញទំនិញពីចិនទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងខែកក្កដា បានកើនឡើង៧ភាគរយធៀបនឹងឆ្នាំមុន ទាបជាងកំណើននៃការនាំចេញចំនួន៨,៦ភាគរយនៅខែមិថុនា និងទាបជាងការព្យាករណ៍សម្រាប់កំណើនចំនួន៩,៧ភាគរយ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,០៤ភាគរយ គិតត្រឹមម៉ោង១០:៤០នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៧២ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៤៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៣៨ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានស្ថិតក្នុងសភាពទ្រឹង ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here