ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្តិចនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យស្តីពីចំនួនប្រជាពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល ក្នុងអំឡុងពេលពួកគេឥតមានការងារធ្វើ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៤%ដល់២៣៨៩,៦១ដុល្លារក្នុងមួយអោន។ ប៉ុន្តែ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៤%ដល់២៤២៨,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។
បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៣,០៩ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,២០ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០៧%ដល់២៦,៩២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៣៩%ដល់៩២៦,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៧៧%ដល់៨៧៩,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក៕