តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិកបានកើនឡើងលើសពីការរំពឹងទុកកាលពីសប្តាហ៍មុន ជាសញ្ញាបង្ហាញពីការថយចុះនៃតម្រូវការ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២១សេនមកនៅត្រឹម៧៦,២៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0020 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediateរបស់អាមេរិកបានធ្លាក់ចុះ២៥សេនមកនៅត្រឹម៧២,៩៥ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានបន្តងើបឡើងថ្លៃដល់១០៣,២៤ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០២,៩៧ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃតម្លៃផ្សារហ៊ុន Nikkei បន្ទាប់ពីធនាគារកណ្តាលជប៉ុន(BoJ) បង្ហាញការស្ទាក់ស្ទើរចិត្ត ក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន១,៤៦ភាគរយ គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

ទន្ទឹមនឹងនេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,២៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ១,៣២ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៣១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ២,៦០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here