តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ ទោះបីជាក្រុមអ្នកវិនិយោគបង្ហាញការរំពឹងទុកខ្ពស់លើការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅខែកញ្ញា និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៥%ដល់២៣៨៥,៨៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២១%ដល់២៤២៦,៤០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣១នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានបន្តងើបឡើងថ្លៃដល់១០៣,២៤ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០២,៩៧ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២១%ដល់២៧,១៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៣%ដល់៩២៣,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៧%ដល់៨៦១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣១នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here