ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក នឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយនៅខែកញ្ញាខាងមុខ ស្របពេលមានក្តីព្រួយបារម្ភអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៥%ដល់២៤០៨,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៩%ដល់២.៤៤៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៥នាទីព្រឹក។
បច្ចុប្បន្ន ទីផ្សារនៅតែបន្តមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃវិញដល់១០២,៨៨ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានដាំក្បាលចុះក្នុងពេលបិទការជួញដូរត្រឹម១០២,៦៩ពិន្ទុកាលពីម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣២%ដល់២៧,២៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៨%ដល់៩២២,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៨%ដល់៨៤១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៥នាទីព្រឹក៕