ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ដោយសារប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ បូករួមទាំងភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា ដែលអាចរាលដាលជាសង្គ្រាមកាន់តែធំ។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៣សេនដល់៧៩,៨៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0020 GMT បន្ទាប់ពីបានធ្លាក់ចុះ១,៥% នៅវគ្គមុន ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures បានកើនឡើង៣៨សេនដល់៧៦,៦៩ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ២,១% កាលពីថ្ងៃព្រហស្បតិ៍។
បច្ចុប្បន្ន ទីផ្សារនៅតែបន្តមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះវិញដល់១០៤,៣៤ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានងើបឡើងថ្លៃក្នុងអំឡុងពេលបិទការជួញដូរត្រឹម១០៤,៤២ពិន្ទុកាលពីម្សិលមិញ។
ចំណែក ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃសុក្រនេះ ខណៈប្រាក់ហ្វ្រង់ស្វីស និងប្រាក់យ៉េនបានស្ទុះងើបឡើងថ្លៃ បន្ទាប់ពីទិន្នន័យបង្ហាញថា សកម្មភាពផលិតកម្មនៅសហរដ្ឋអាមេរិកបានដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៨ខែកាលពីខែកក្កដា ស្របពេលការបញ្ជាទិញថ្មីថយចុះ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះជាង២ភាគរយ គិតត្រឹមម៉ោង១០:៣៤នាទីព្រឹក។
ទន្ទឹមនឹងនេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ៤,៨៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ១,៩៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៦៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៥ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះជាង២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ៣,២៣ភាគរយ៕