កូរ៉េខាងត្បូងគ្រោងបញ្ចុះអត្រាពន្ធលើការផ្ទេរមរតក ដើម្បីសម្រាលបន្ទុកគ្រួសារអ្នកជំនួញធំៗក្នុងស្រុក

សេអ៊ូល: អស់ជាច្រើនទសវត្សរ៍មកហើយ ប្រទេសកូរ៉េខាងត្បូងបានកំណត់យកពន្ធលើការផ្ទេរមរតក ក្នុងអត្រាខ្ពស់បំផុត៦០ភាគរយពីបណ្តាម្ចាស់ភាគហ៊ុនគ្រប់គ្រងក្រុមហ៊ុនខ្នាតយក្សដូចជាក្រុមហ៊ុន Samsung Electronicsជាដើម និងធ្វើឱ្យគ្រួសារអ្នកជំនួញធំៗទើសទាល់ចិត្ត។

យ៉ាងណាមិញ នៅពេលនេះ ទីក្រុងសេអ៊ូលកំពុងបោះជំហានឆ្ពោះទៅបន្ធូរបន្ថយការកំណត់យកពន្ធដ៏ខ្ពស់បំផុតលំដាប់ពិភពលោកមួយនេះ។ ក្រសួងហិរញ្ញវត្ថុកូរ៉េបានប្រកាសថា លោកប្រធានាធិបតី Yoon Suk-yeol គ្រោងនឹងបញ្ចុះកម្រិតពន្ធលើការផ្ទេរមរតកមកត្រឹម៤០ភាគរយ និងលុបចោលច្បាប់ ដែលតម្រូវឱ្យម្ចាស់អាជីវកម្មធំៗបង់ប្រាក់កាន់តែច្រើនថែមទៀត។

គោលដៅស្ថិតនៅពីក្រោយការយកពន្ធនេះគឺដើម្បីទប់ស្កាត់គ្រួសារអ្នកជំនួញធំៗក្នុងប្រទេសកូរ៉េខាងត្បូង កុំឱ្យផ្ទេរទ្រព្យសម្បត្តិរបស់ពួកគេទៅឱ្យសាច់ញាតិ ឬកូនចៅក្មេងៗ និងដើម្បីកាត់បន្ថយឥទ្ធិពលខ្លាំងពេករបស់ពួកគេមកលើសេដ្ឋកិច្ចជាតិ។

ប៉ុន្តែ ក្រុមអ្នកវិនិយោគខ្នាតតូច(Retail investors) ក៏បង្ហាញការមិនពេញចិត្តដែរចំពោះការកំណតយកពន្ធនេះ ព្រោះពួកគេយល់ឃើញថា ការយកពន្ធនេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមានកម្រិតថោកជាងដៃគូសកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រសិនបើសំណើររបស់លោក Yoon ត្រូវបានអនុម័តដោយសភា នោះរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអាចកាត់បន្ថយអត្រាពន្ធលើការផ្ទេរមរតកជាលើកដំបូងបង្អស់មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៩៥មក។

លោក Vikas Pershad អ្នកគ្រប់គ្រងផលប័ត្រភាគហ៊ុនរបស់ក្រុមហ៊ុន M&G Investments នៅក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា “នៅពេលវិធានការពន្ធថ្មីនេះត្រូវបានដាក់ឱ្យអនុវត្តន៍ នោះអ្នកដែលទទួលបានផលភ្លាមៗ គឺជាបណ្តាម្ចាស់ភាគហ៊ុនក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Samsung និងក្រុមហ៊ុន Hyundai ជាដើម”។ល។

លោកបន្ថែមថា “ការកាត់បន្ថយពន្ធលើការផ្ទេរមរតក នឹងជួយជំរុញការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន ដែលអាចនាំឱ្យសាច់ប្រាក់ងាយស្រួលមានការកើនឡើង និងអាចធ្វើឱ្យក្រុមហ៊ុនកូរ៉េមានតម្លៃទីផ្សារខ្ពស់ជាងមុន”៕ប្រភព: Bloomberg៕

ដោយ: គង់ លាងហួរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here