តើអ្វីជាផែនលការអាទិភាពទាំង៥ចំណុចរបស់ធនាគារជាតិដើម្បីស្រាយបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ?

ភ្នំពេញៈ ផែនការអាទិភាពចំនួន៥ ត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយបញ្ហា ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា។

កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីផលប៉ះពាល់ទៅលើវិស័យមួយនេះ ក្រោយការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វា។

ធនាគារជាតិ នៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសកម្ពុជា បានកំណត់នូវសកម្មភាពអាទិភាពចំនួន៥ ដែលចាំបាច់ ដើម្បីដោះស្រាយបញ្ហា ក្នុងពេលដែល វិស័យមីក្រូហិរញ្ញវត្ថុ របស់កម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការផ្សារភ្ជាប់សក្តានុពលរបស់វា ទៅនឹងបញ្ហាបំណុលជាដើម។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ NBC និង UN កាលពីថ្ងៃទី ២៤ ខែកក្កដា ចំណុចអាទិភាពចំនួន៥ ត្រូវបានកំណត់សម្រាប់សកម្មភាព ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង បន្ទាប់ពីកិច្ចសន្ទនាពហុភាគី កម្រិតខ្ពស់កាលពីថ្ងៃទី ១២ ខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាទិភាពទាំង៥នោះ គឺបទប្បញ្ញត្តិ និងការត្រួតពិនិត្យ ការគាំទ្រអ្នកខ្ចីប្រាក់ ការពង្រឹងបច្ចេកទេស ការផ្តោតលើការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ អាជ្ញាធរមូលដ្ឋាន និងការធានារ៉ាប់រង។

សេចក្តីថ្លែងការណ៍ដដែលបានថ្លែងថា “ដំណើរការនេះនៅតែបន្ត មិនទាន់បានបញ្ចប់ទេ” ដោយបន្ថែមថា កិច្ចប្រជុំពហុភាគី ដែលបានគ្រោងទុកបន្ទាប់ នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ ២០២៥។ នេះនឹងមានការវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃសកម្មភាពទាំងនេះ ដោយភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការធានាថា ប្រព័​ន្ធ​អេកូឡូស៊ីធនាគារ និងហិរញ្ញវត្ថុ ផ្តល់សិទ្ធអំណាចដល់បុគ្គល ជាពិសេសក្រុម ដែលងាយរងគ្រោះបំផុត ដោយគាំទ្ររបៀបវារៈនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចទាំងមូលនៃប្រទេសកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីដំណើរការ ពិគ្រោះយោបល់រវាង NBC និង UN នៅកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តីពីមីក្រូហិរញ្ញវត្ថុ។ នេះបានឆ្លើយតប ទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទងនឹងការរីកចម្រើន យ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា និងការផ្សារភ្ជាប់សក្តានុពលទៅនឹងបញ្ហាផ្សេងទៀត ដូចជាបំណុលជាដើម។

យោងតាមសេចក្តីថ្លែងការណ៍ ដំណើរការពិគ្រោះយោ​បល់ក្នុងន័យស្ថាបនានេះ មានគោលបំណងជួយសម្រួលដល់ការចូលរួមរបស់ភាគីពាក់ព័ន្ធ អភិវឌ្ឍការយល់ដឹងរួមគ្នាអំពីបញ្ហាប្រឈម និងកំណត់សកម្មភាព និងការប្តេជ្ញាចិត្តជាក់លាក់មួយ។

នេះអាចជាការគាំទ្រ ដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការស្វែងរកបញ្ហាប្រឈម និងចាប់យកឱកាសដើម្បីពង្រឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។

សកម្មភាពអាទិភាពដែលបានណែនាំ និងអនុម័ត

សេចក្តីថ្លែងបានថ្លែងថា ការពង្រឹងការអនុវត្តក្រមសីលធម៌ និងគោលការណ៍ណែនាំស្តីពី ការផ្តល់ប្រាក់កម្ចី បង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ក្នុងចំណោមស្ថាប័ននិយតកម្មផ្សេងៗ នឹងធានានូវយន្តការគ្រប់គ្រង ដោយខ្លួនឯងប្រកបដោយប្រសិទ្ធភាព និងស្វែងរកជម្រើសផ្សេងៗសម្រាប់ការកំណត់អត្រាការប្រាក់។

ប្រកាសលេខ B7-011-243 របស់ធនាគារជាតិ នៃកម្ពុជា ស្តីពីតម្លាភាព ក្នុងការផ្តល់សេវាឥណទាន ដើម្បីបង្កើនការយល់ដឹងរបស់អតិថិជន អំពីអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាព និងផ្តល់ការណែនាំតាមរចនាសម្ព័ន្ធថ្លៃដើម នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ (BFI) ថា តើថ្លៃសេវារបស់ពួកគេដែលត្រូវបានគិតថ្លៃពីលើ​ នៃអត្រាការប្រាក់១៨ភាគរយនោះ ចាត់ទុកថាសមហេតុផលឬអត់។

លើសពីនេះទៀត ក្នុងសេចក្ដីថ្លែងដដែលបានណែនាំឱ្យពង្រឹងយន្តការបណ្តឹង បង្កើតក្រុមការងារមួយ ដើម្បីបង្កើតយន្តការប្រឹក្សា និងសម្របសម្រួលបំណុលឯករាជ្យ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកខ្ចីប្រាក់។​

បង្កើតគោលការណ៍ណែនាំ អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ BFIs ដើម្បីអនុវត្ត ដែលរួមមានការប្រឹក្សាបំណុល និងការសម្រុះសម្រួល ដើម្បីកំណត់អត្តសញ្ញាណ ជូនដំណឹង និងជួយសម្រួលដល់អតិថិជន ដែលជំពាក់បំណុល ដែលត្រូវការការគាំទ្រ។

លើសពីនេះ សេចក្តីថ្លែងការណ៍បានថ្លែងថា ការពង្រឹងបច្ចេកទេស ដោយការប្រមូល និងចែករំលែកទិន្នន័យរួម ការបង្កើតបទប្បញ្ញត្តិស្តីពី ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី និង/ឬការផ្តល់ហិរញ្ញប្បទានឡើងវិញ និងការកំណត់ស្តង់ដារនិយមន័យនៃមីក្រូប្រាក់កម្ចីគឺជាកត្តាសំខាន់។

ក្នុងសេចក្ដីថ្លែងការបានបន្តទៀតថា “ការកំណត់ការស្ទង់មតិគំរូឯករាជ្យ ដើម្បីកំណត់ការជាប់ទាក់ទងគ្នា រវាងការជំពាក់បំណុលខ្នាតតូច ជាមួយនឹងការកើនឡើង នៃការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ដោយផ្ទាល់ និងដោយប្រយោល ការលក់ដីដើម្បីចិញ្ចឹមជីវិត (និងផលប៉ះពាល់សង្គមផ្សេងទៀត) ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ”។

ចំណែកអនុសាសន៍ផ្សេងទៀត រួមមានការអនុវត្តបទប្បញ្ញត្តិស្តីពី ការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ និងការអនុវត្តតួនាទីរបស់អាជ្ញាធរមូលដ្ឋាន។

ធានាបានការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីមានការចេញសេចក្តី ថ្លែងការណ៍រួមរបស់ក្រសួងមហាផ្ទៃ និង NBC ដើម្បីបង្រ្កាបការអនុវត្ត ការខ្ចីប្រាក់ដោយខុសច្បាប់ រួមទាំងការផ្តល់ប្រាក់កម្ចីតាមអ៊ីនធឺណិត និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណក្រីក្រ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬឯកសារផ្សេងៗទៀត ដើម្បីធ្វើជាវត្ថុបញ្ចាំ។

លើសពីនេះ គម្រោងសាកល្បង ក្នុងការធានារ៉ាប់រងសម្រា​ប់ហានិភ័យកសិកម្ម ដោយសារការប្រែប្រួល អាកាសធាតុក្រោមសហករណ៍កសិកម្មទំនើប ត្រូវបានស្នើ រួមជាមួយនឹងការបង្កើតក្រុមការងារ ដើម្បីគាំទ្រដល់ការបង្កើតសហករណ៍កសិកម្មទំនើប សម្រាប់សហគមន៍ ជនជាតិដើមភាគតិចជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here