សហគ្រិន​ខ្មែរ​នឹង​បន្ត​គាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី និង SME ដើម្បី​ឆ្លងកាត់​វិបត្ដិសេដ្ឋកិច្ច​សកល

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ សហគ្រិន​ខ្មែរ ដែលជា​ស្ថាប័ន​ក្រោម​ចំណុះ ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ នឹង​នៅតែ​បន្ត​ដើរតួនាទី​ជា​ផ្នែក​មួយ ក្នុងការ​ចូលរួម​ផ្ដល់​ជា​យន្តការ​ដោះស្រាយ និង​គាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដើម្បី​ឆ្លងកាត់​វិបត្ដិ​សកល​នេះ ខណៈ​ស្ថាប័ន​នេះ​នឹង​បន្ដ​ដាក់ចេញ​កម្មវិធី កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​ជុំ​ទី៣ នៅ​ឆ្នាំ​ខាងមុខ​បន្តទៀត។

លោក​បណ្ឌិត​ឈៀង វណ្ណ​មុនិ​ណ្ឌ​នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ​បានលើកឡើង​កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក​ថា សហគ្រិន​ខ្មែរ​ជឿជាក់ថា ជំនួយ​ហិរញ្ញ ប្ប​ទាន​កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​នេះ ជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ សម្រាប់​គាំទ្រ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​សក្តានុពល​ក្នុងការ​ចាប់ផ្ដើម ប្រតិបត្តិការ​អាជីវក​ម្ម​ឡើងវិញ​អំឡុងពេល និង​ក្រោយ​បរិបទ​វិបត្តិ​កូ​វីដ-១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បណ្ឌិត​បន្ថែមថា “សហគ្រិន​ខ្មែរ នឹង​បន្ត​រៀបចំ ក៏ដូចជា​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​កសាង និង​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​ប្រទេស​កម្ពុជា។ ក្នុងខណៈដែល​វិបត្តិ​ជំងឺ​កូ​វីដ១៩ បានផ្ដល់​ផលប៉ះពាល់​ពុំ​ធ្លាប់មាន​ពីមុន​ជាច្រើន ដល់​វិស័យ​សហគ្រិនភាព​នៅ​កម្ពុជា” ។ លោក​បន្តថា “ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ក្នុងការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ” ។

លោក​បានលើកឡើង​ទៀតថា សហគ្រិន​ខ្មែរ នឹង​នៅតែ​បន្ត​ដើរតួនាទី​ជា​ផ្នែក​មួយ ក្នុងការ​ចូលរួម​ផ្ដល់​ជា​យន្តការ​ដោះស្រាយ និង​គាំទ្រ​ដល់ ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដើម្បី​ឆ្លងកាត់​វិបត្ដិ​សកល​នេះ។ សហគ្រិន​ខ្មែរ នឹង​បន្ដ​ដាក់ចេញ​កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​ជុំ​ទី៣ នៅ​ឆ្នាំ​ខាងមុខ​បន្តទៀត។

ជាមួយគ្នា​នោះដែរ លោក​បណ្ឌិត បានឱ្យដឹងថា តាមរយៈ​កម្មវិធី​កញ្ចប់​ជំនួយ​ទាំងពីរ​ជុំ សហគ្រិន​ខ្មែរ ទទួលបាន​ពាក្យស្នើសុំ​សរុប​ពី​ធុរកិច្ច​បង្កើត​ថ្មី ក៏ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន២៧៨ ដែល​មកពី​វិស័យផ្សេងៗគ្នា​ទូទាំង១៩រាជធានី ខេត្ត។ បន្ទាប់ពី​ឆ្លងកាត់​ការវាយតម្លៃ ដោយ​សហគ្រិន​ខ្មែរ និង​គណៈកម្មាធិការ​ដែល​មកពី​វិស័យ​ឯកជន​ចំនួន១៩រូប សហគ្រិន​ខ្មែរ​បាន​រកឃើញ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម ចំនួន១២ ក្នុង​ជុំ​ទី១ និង​ចំនួន១៥ បន្ថែមទៀត​ក្នុង​ជុំ​ទី២ ដែល​មកពី​វិស័យផ្សេងៗដូចជា កសិកម្ម/កសិកម្ម​កែច្នៃ សិប្បកម្ម​កែច្នៃ សេវាកម្ម និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​ទទួលបាន​កញ្ចប់​ជំនួយ​ជា ហិរញ្ញប្បទាន ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​ឡើងវិញ។

បន្ថែម​ពីនេះ សហគ្រិន​ខ្មែរ ក៏បានផ្ដល់​ជា​ប្រាក់រង្វាន់​ជូន ទៅដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន១៥ផ្សេងទៀត ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​នៃ​ជុំ​ទាំងពីរ ដើម្បី​ជាការ​លើកទឹកចិត្ត។

លោក​បណ្ឌិត​ឈៀង វណ្ណ​មុនិ​ណ្ឌ បាន​គូសបញ្ជាក់ថា សម្រាប់​កម្មវិធី​កញ្ចប់​ជំនួយ​ទាំងពីរ​ជុំ​នេះ សហគ្រិន​ខ្មែរ បាន​ប្រើប្រាស់​ថវិកា​សរុប​ប្រមាណ ៤០០,០០០ដុល្លារ​អាមេរិក ជូន​ទៅដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចាប់ពី​ចន្លោះ៥,០០០ ដុល្លារ​ទៅ២០,០០០ដុល្លារ ជាមួយនឹង​លក្ខខណ្ឌ​ប្រើប្រាស់ កញ្ចប់​ថវិការ​រយៈពេល១ឆ្នាំ ក្នុងការ​ប្រតិបត្តិការ​អាជីវកម្ម។

សហគ្រិន​ខ្មែរ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ផ្តល់​ហិរញ្ញប្បទាន​ជាមួយ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន២៧ ដែល​បានទទួល​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​ជុំ​ទី១ និង​ជុំ​ទី២ ។

សហគ្រិន​ខ្មែរ​ត្រូវបាន​បង្កើតឡើង ដោយមាន​ចក្ខុវិស័យ​ក្លាយជា​ថ្នាល​ជាតិ សម្រាប់​ការលើកកម្ពស់ គ្រប់​សកម្មភាព​របស់​វិស័យ​សហគ្រិនភាព តាមរយៈ​ការអនុវត្ត​កម្មវិធី​គាំទ្រ និង​ធ្វើការ​ដោយផ្ទាល់ ជាមួយ​ស្ថាប័ន​ដៃគូ​រដ្ឋ និង​ឯកជន។

ជាង​នេះ សហគ្រិន​ខ្មែរ ធ្វើការ​គាំទ្រ​ទៅលើ​វិស័យ​អាទិភាព រួមមាន​ធុរកិច្ច​បង្កើត​ថ្មី​បែប​បច្ចេកវិទ្យា សេវាកម្ម ការកែច្នៃ​ក​សិ-ចំនីអាហារ កសិកម្ម​សម្រាប់​ការ នាំចេញ និង​ផលិតកម្ម​សម្រាប់ ជំនួស​ការនាំ​ចូល ដើម្បី​គាំទ្រ​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច នវានុវត្តន៍ ការបង្កើន​ផលិតភាព និង​ការបង្កើត​ការងារ។

សហគ្រិន​ខ្មែរ បាន​បង្កើត​កម្មវិធី​កញ្ចប់​ជំនួយ​នេះ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​ផល​លំបាក​បង្កឡើង​ដោយ វិបត្ដិ​ជំងឺ​កូ​វីដ-១៩ ដែល​សហគ្រិន​កម្ពុជា​កំពុងតែ​ប្រឈម។ កញ្ចប់​ជំនួយ​នេះ ត្រូវបាន​អនុវត្ត​ជោគជ័យ​ចំនួន​ពីរដង​រួចមកហើយ ដែល​ជុំ​ទី១បានធ្វើ​ឡើង​នៅ​ខែមីនា ខណៈ​ជុំ​ទី២ទើបតែ​បញ្ចប់​កាលពី​ខែកញ្ញា។

កម្មវិធី​កញ្ចប់ ជំនួយ​សហគ្រិន​ខ្មែរ​នេះ គឺជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​មួយ ដើម្បី​បន្ត​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​បង្កឡើង ដោយ​វិ​ប​តិ្ដ​ជំងឺ​កូ​វីដ-១៩ ដែល​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​កំពុង​ជួបប្រទះ​ទាំង​ផ្នែក​ប្រតិបត្តិការ និង​ហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here