តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលដល់គោលនយោបាយអត្រាការប្រាក់នាពេលខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៣%ដល់២៣៩៨,៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៣%ដល់២៣៩៧,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៨នាទីព្រឹក។

នៅសប្តាហ៍នេះ ក្រុមអ្នកវិនិយោគនឹងរង់ចាំអ៊ុតមើលទិន្នន័យកំណើនសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទី២ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE)របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រ។ ទិន្នន័យទាំង២នេះអាចផ្តល់តម្រុយបន្ថែមទៀតអំពីពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមលើនោះ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ដែលការណ៍នេះបានធ្វើឱ្យតម្លៃមាសងើបឡើងថ្លៃ បន្ទាប់ពីប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បាន​ប្រកាសដកខ្លួន​ចេញពី​ការ​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ។

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគក៏គ្រោងនឹងផ្តោតលើការថ្លែងសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារ Fed នៅចុងបញ្ចប់កិច្ចប្រជុំគោលនយោបាយរបស់ធនាគារ Fed ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដានេះ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,២២ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៣១ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤៥%ដល់២៩,១៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៤%ដល់៩៥៩,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៥%ដល់៨៩៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣១នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here