អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈពេលដែលក្រុមអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ឆាប់ៗនៅខែកញ្ញាខាងមុខ។
តម្លៃប្រេងឆៅ Brent បានកើនឡើង៤៨សេន ដល់៨៣,១០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0035 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៤២សេនដល់៨០,៥៥ដុល្លារក្នុងមួយបារ៉ែល។
ម្យា៉ងវិញទៀត ភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅសហរដ្ឋអាមេរិកបានបន្តកើតមានឡើង ក្រោយពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ ដោយលោកបានគាំទ្រលោកស្រីអនុប្រធានាធិបតី Kamala Harris ជាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ។

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខ ខណៈធនាគារនេះនឹងមិនរង់ចាំទ្រាំស្ងៀមរហូតទាល់តែអត្រាអតិផរណាធ្លាក់ចុះមកនៅត្រឹមគោលដៅក្នុងរង្វង់២ភាគរយរបស់ខ្លួននោះទេ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,៣០ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៤០ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគពុំបានបង្ហាញចំណាប់អារម្មណ៍វិជ្ជមាននោះឡើយ បើទោះបីជាធនាគារកណ្តាលចិនបានសម្រេចកាត់បន្ថយគោលនយោបាយអត្រាការប្រាក់រយៈពេលខ្លីរបស់ខ្លួនពី១,៨%មកនៅត្រឹម១,៧%យ៉ាងណាក្តី។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,៧៣ភាគរយ គិតត្រឹមម៉ោង១០:២៥នាទីព្រឹក។
ជាមួយគ្នានេះដែរ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,១៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៦៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៧៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៧០ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៥៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,២១ភាគរយ៕







