ដំណឹងល្អៈ NBCនឹងដាក់ដំណើរការប្រព័ន្ឋទូទាត់បាគងសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) នឹងដាក់ដំណើរការប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទ បាគង(Bakong) សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីសម្រួលដល់ការចាយវាយនៅក្នុងស្រុក នៅពេលពួកគេមកទស្សនាប្រទេសកម្ពុជា។
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កម្មវីធីបាគងនេះ នឹងត្រូវដាក់បង្ហាញ នៅតាមព្រលានយន្តហោះ និងច្រកចូលនានា ដើម្បីឲ្យភ្ញៀវអន្តរជាតិអាចដោនឡូត នៅពេលចូលមកដល់កម្ពុជាភ្លាម។
លោកស្រីបានបញ្ជាក់ថា “បន្តិចទៀតយើងមានដាក់ប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរ បានន័យថាពេលភ្ញៀវទេសចរគាត់ចុះមក គាត់អាចដោនឡូតប្រព័ន្ធបាគងយើង បើគាត់អត់មានប្រព័ន្ធធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញប្រព័ន្ធបាគងទេ គាត់អាចប្រើកាតក្រេឌីត ដែលគាត់មានពីប្រទេសរបស់គាត់ ដូចជា Visa Card, Master Card, ឬ UnionPay ជាដើម”។លោកស្រីបន្ថែមថា “ការដាក់ចេញនេះ នឹងជួយសម្រួលដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់ និងអាចឲ្យគាត់ទទួលបានបទពិសោធឌីជីថល និងប្រព័ន្ធចាយវាយដោយមិនបាច់ប្រើសាច់ប្រាក់ ដោយសារតែគេតែងមើល មកប្រទេសយើងថាជាប្រទេសក្រ ប្រទេសតូច ប្រហែលជាអត់មានអីទេ”។ ប៉ុន្តែពេលគាត់(ភ្ញៀវអន្តរជាតិ)ចុះមក យើងចង់ឲ្យគាត់មានបាគងប្រើ ហើយចាយវាយស្រួល ដូចប្រជាជនយើងក្នុងស្រុកផងដែរ។
ការដាក់ឲ្យដំណើរការប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរនេះ ក៏ជាការឆ្លើយតបទៅនឹងបញ្ហាមួយចំនួន ដែលភ្ញៀវទេសចរមួយចំនួនបានជួបប្រទះ ក្នុងការចាយក្រដាស់ប្រាក់ធំ ជាពិសេសនៅខេត្តសៀមរាប ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់របស់កម្ពុជា។
គម្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរនេះ ក៏ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានការស្នើសុំពីអាជីវករ នៅខេត្តសៀមរាប ដែលត្អូញត្អែរ អំពីការពិបាកចាយប្រាក់ ដែលរហែកបន្តិចបន្តួច ឬប្រឡាក់។ លោកបានប្រាប់ឲ្យលោកស្រី ជា សិរី រិះរកវិធីយ៉ាងណាដោះស្រាយបញ្ហានេះ។
លោកស្រីជា សិរីបានបញ្ជាក់ថា “សម្តេចធិបតីបានទូរស័ព្ទដើម្បីឲ្យខ្ញុំចាត់ចែង”។ លោកស្រីបន្តថា “ខ្ញុំសូមទទួលអនុសាសន៍នេះ ហើយនឹងធ្វើការបន្តទៀត ជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ ដោយសារតែការវិនិច្ឆ័យក្រដាស់ប្រាក់ ដែលចាស់ រហែក វាអាស្រ័យទៅលើការវិនិច្ឆ័យ របស់បេឡាកររបស់ធនាគារនីមួយៗ”។
លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា យល់ថា ការដាក់ដំណើរការបាគង សម្រាប់ទេសចរអន្តរជាតិ អាចកាត់បន្ថយបានការលំបាកខ្លះរបស់ភ្ញៀវទេសចរណ៍។
លោកបានបន្តថា “នេះជាដំណោះស្រាយមួយជំហាន ក្នុងចំណោមបញ្ហាមួយចំនួនទៀត ក្នុងវិស័យទេសចរណ៍”៕
ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here