តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃសុក្រនេះ

អន្តរជាតិ: ​តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ស្របពេលដែលការផ្តល់សញ្ញាភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ចបានបង្កឱ្យមានការព្រួយបារម្ភសម្រាប់បណ្តាវិនិយោគិន និងជំរុញឱ្យប្រាក់ដុល្លារស្ទុះងើបឡើងថ្លៃ។

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ៥១សេនមកត្រឹម៨៤,៥០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0035 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៧២សេនមកនៅត្រឹម៨២,១០ដុល្លារក្នុងមួយបារ៉ែល។

លោក Christopher Waller ទេសាភិបាលធនាគារកណ្តាលអាមេរិក (Fed) បានលើកឡើងនាពេលថ្មីៗនេះថា “ពេលវេលាសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកកាន់តែខិតជិតមកដល់ហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ពីក្រសួងការងារអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលបានចូលមកដាក់ពាក្យស្នើសុំពីជំនួយពីរដ្ឋាភិបាលក្នុងអំឡុងពេលគ្មានការងារធ្វើ បានកើនឡើងបន្ថែមចំនួន២មុឺននាក់ដល់ចំនួនសរុបប្រមាណ២៤៣.០០០នាក់កាលពីសប្តាហ៍មុន។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៦,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញដល់១០៤,២៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,១៧ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញក្តីបារម្ភអំពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក និងភាពមិនប្រាកដប្រជាលើជោគវាសនារបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការប្រកួតប្រជែងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ១,៣៨ភាគរយ គិតត្រឹមម៉ោង១០:២៤នាទីព្រឹក។

ចំណែក ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ២,០៦ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,២៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,០១៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ១,១២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,៤០ភាគរយ៕

ដោយ: គង់ លាងហួរ

LEAVE A REPLY

Please enter your comment!
Please enter your name here