តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះយ៉ាងគំហុកវិញនៅព្រឹកថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារអាមេរិកបានស្ទុះងើបឡើងថ្លៃ បើទោះបីជាក្រុម​អ្នក​វិនិយោគ​នៅតែបង្ហាញសុទិដ្ឋិនិយមថា ​ធនាគារកណ្តាលអាមេរិក(Fed) នឹងសម្រេចចិត្តបញ្ចុះអត្រាការប្រាក់របស់ខ្លួនជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខយ៉ាងណាក្តី។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៧៦%ដល់២៤២៦,៥០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ១,០៤%ដល់២៤៣០,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១០នាទីព្រឹក។

លោក Christopher Waller ទេសាភិបាលធនាគារកណ្តាលអាមេរិក (Fed) បានលើកឡើងនាពេលថ្មីៗនេះថា “ពេលវេលាសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកកាន់តែខិតជិតមកដល់ហើយ”។

យោងតាមរបាយការណ៍ពីក្រសួងការងារអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលបានចូលមកដាក់ពាក្យស្នើសុំពីជំនួយពីរដ្ឋាភិបាលក្នុងអំឡុងពេលគ្មានការងារធ្វើ បានកើនឡើងបន្ថែមចំនួន២មុឺននាក់ដល់ចំនួនសរុបប្រមាណ២៤៣.០០០នាក់កាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៩៦,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញដល់១០៤,២៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,១៧ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៣៩%ដល់២៩,៨០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៨៥%ដល់៩៧៧,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៦៧%ដល់៩២៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១០នាទីព្រឹកថ្ងៃសុក្រនេះ៕

ដោយ: គង់ លាងហួរ

LEAVE A REPLY

Please enter your comment!
Please enter your name here