ភ្នំពេញៈ ធនាគារ ហត្ថា ប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ (RPH)។
កិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងជាផ្លូវការ ក្នុងពិធីមួយ ដែលមានការអញ្ជើញចូលរួមដោយលោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារហត្ថា និងលោកវេជ្ជបណ្ឌិត Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។

នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេស លើសេវាវេជ្ជសាស្ត្រ ដែលបង្កើនលទ្ធភាពឱ្យពួកគេ ទទួលសេវាថែរទាំសុខភាពប្រកបដោយគុណភាព។ នៅពេលនេះ អតិថិជនទាំងអស់នឹងរីករាយ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់១៥% លើការថតកាំរស្មី X តម្លៃបន្ទប់ ការស្កេនCT ការស្កេនMRI និងសេវាជាច្រើនទៀត។
បន្ថែមជាងនេះទៀត ក្រុមហ៊ុនទាំងពីរក៏កំពុងធ្វើការជាមួយគ្នាបន្តទៀត ដើម្បីផ្តល់នូវការបញ្ចុះតម្លៃ២០% លើកញ្ចប់ពិនិត្យសុខភាពទូទៅ (general health check-up) ដែលនឹងផ្តល់ជូនអតិថិជន នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។

ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់ធនាគារ ហត្ថា ក្នុងការគាំទ្រតម្រូវការថែរទាំសុខភាព របស់ប្រជាជនកម្ពុជា និងការផ្តល់នូវផលិតផលហិរញ្ញវត្ថុឌីជីថល ប្រកបដោយសុវត្ថិភាពដូចជាប័ណ្ណហត្ថាវីសា និងហត្ថាម៉ូបាល ជាដើម។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានលើកឡើង ពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍ លើសពីសេវាធនាគារ និងករលើកកម្ពស់សុខុមាលភាពរបស់អតិថិជន។
លោកសុផាបានបន្ថែមថា ធនាគារហត្ថា មិនត្រឹមតែមានជំនាញ ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ជូនតែអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណង លើកកម្ពស់សុខុមាលភាពសង្គម របស់ប្រជាជនកម្ពុជា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រផ្សេងៗ ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបញ្ចូលសេវាហិរញ្ញវត្ថុ និងសេវាថែទាំសុខភាព ជាមួយគ្នា ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល។ ទាំងធនាគារ ហត្ថា និងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីផ្តល់នូវសេវាកម្ម និងតម្លៃដ៏ប្រសើរដល់អតិថិជនរបស់ខ្លួន។
អំពីធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុ យ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែង ជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។

ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្ម រយៈពេល ៧៨ឆ្នាំ។ ធនាគារក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេ នៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
ធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះ សបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួន ប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេ នៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។

បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។
អំពី មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ជាសាខារបស់មន្ទីរពេទ្យបាងកក ប្រទេសថៃ និងជាសមាជិកនៃក្រុមហ៊ុន Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យដែលមានកិត្យានុភាពបំផុតមួយ នៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ត្រូវបានទទួលស្គាល់ដោយ JCI (ជាអង្កការត្រួតពិនិ្យគុណភាព មន្ទីរពេទ្យអន្តរជាតិប្រចាំនៅសហរដ្ឋអាមេរិក) ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៧។

យើងជាមន្ទីរពេទ្យដែលមានស្តង់ដារ ស្របតាមមាត្រាដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោពេញ ដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពនូវគោលការណ៍សុវត្ថិភាព និងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូក្រុមហ៊ុនធានារ៉ាប់រងទាំងក្នុងស្រុក និងក្រៅប្រទេស។
មន្ទីរពេទ្យផ្តល់ការបណ្តុះបណ្តាល BLS ដល់មន្ទីរពេទ្យផ្សេងៗ និង ATLS សម្រាប់ភាពជាអ្នកដឹកនាំរបស់គ្រូពេទ្យនៅក្នុងក្រុមវេជ្ជសាស្ត្រ។ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបន្តលើកកម្ពស់គុណភាពនៃការថែទាំ ហើយនឹងបន្តធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសុខភាព ដើម្បីធានាគុណភាពជីវិត និងទទួលបាននូវចំណេះដឹង និងរួមចំណែកសម្រេចបាននូវសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា៕









